អ៊ុយក្រែន មិនបានពិចារណាជម្រើសផ្សេងក្នុងការធានាបានជំនួយយោធាអាមេរិកដែលជាប់គាំង សម្រាប់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនោះទេ ហើយមានទំនុកចិត្តថាសភាអាមេរិក នឹងផ្តល់ការយល់ព្រមក្នុងការបញ្ចេញជំនួយដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការបរទេស លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយកាលពីថ្ងៃពុធ (០៣ មករា)។

លោក គូឡេបា បានប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយថា «យើងមិនមានផែនការបម្រុងនោះទេ ព្រោះយើងមានទំនុកចិត្តលើផែនការទីមួយ។ អ៊ុយក្រែន នឹងតែងតែបន្តប្រយុទ្ធជាមួយនឹងធនធានដែលបានផ្តល់ឱ្យ ហើយអ្វីដែលផ្តល់ឱ្យអ៊ុយក្រែន មិនមែនជាជំនួយសប្បុរសធម៌នោះទេ។ វាគឺជាការវិនិយោគលើការការពាររបស់អង្គការណាតូ និងការការពារភាពរុងរឿងរបស់ប្រជាជនអាមេរិក»។

លោក គូឡេបា បាននិយាយថា ប្រសិនបើរុស្ស៊ី មានជ័យជម្នះក្នុងជម្លោះ ដែលឥឡូវនេះមានអាយុលើសពី ២២ខែនេះ នោះ «មេដឹកនាំផ្សេងទៀតនឹងត្រូវបានល្បួងឱ្យដើរតាមគន្លងរបស់រុស្ស៊ី ហើយការធានាសន្តិសុខនៅក្នុងផ្នែកនៃពិភពលោកនេះ និងការរារាំងមេដឹកនាំទាំងនេះពីការឈ្លានពាន នឹងត្រូវការចំណាយយ៉ាងច្រើន និងកាន់តែខ្ពស់ជាងនេះសម្រាប់សហរដ្ឋអាមេរិក»។

សំណើររបស់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ជំនួយចំនួន ៦១ពាន់លានដុល្លារទៀតសម្រាប់អ៊ុយក្រែន ត្រូវបានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក ជាទីដែលសមាជិកបក្សសាធារណរដ្ឋនិយាយថាថវិកានេះត្រូវតែបែងចែកទៅលើការគ្រប់គ្រងអន្តោប្រវេសន៍ដ៏តឹងរ៉ឹងនៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកជំនួសវិញ៕