មន្ត្រីជាន់ខ្ពស់ចិនមួយរូបកាលពីថ្ងៃពុធ (០៣ មករា) បានជំរុញឱ្យប្រជាជនកោះតៃវ៉ាន់រើសយក «ជម្រើសត្រឹមត្រូវ» ក្នុងការបោះឆ្នោតនាពេលខាងមុខរបស់កោះនេះ ដែលមន្រ្តីរូបនោះបានពិពណ៌នាថា ការបោះឆ្នោតនេះគ្របដណ្ដប់លើសន្តិភាព និងសង្រ្គាម វិបុលភាព និងការធ្លាក់ចុះ។
ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបញ្ជាក់ម្តងហើយម្តងទៀតថាការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះគឺជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។

ជាទូទៅបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ចិន បានគេចវេសពីការបញ្ចេញមតិជាសាធារណៈលើការបោះឆ្នោតនេះ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា «ការបង្រួបបង្រួម» របស់ចិនជាមួយកោះតៃវ៉ាន់ គឺជៀសមិនរួចនោះទេ ប៉ុន្តែមិនបាននិយាយអំពីការបោះឆ្នោតឡើយ។

នៅក្នុងសារឆ្នាំថ្មី លោក ចាង ជឺជុន (Zhang Zhijun) ប្រធានសមាគមទំនាក់ទំនងរបស់ចិននៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការគ្រប់គ្រងទំនាក់ទំនងជាមួយតៃវ៉ាន់ បាននិយាយថា កោះនេះកំពុងប្រឈមមុខនឹងជម្រើសដ៏សំខាន់មួយនៅក្នុងការបោះឆ្នោត។

រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថា មានតែប្រជាជនកោះនេះទេដែលអាចសម្រេចលើអនាគតរបស់ពួកគេបាន៕