ប្រទេសបង់ក្លាដែស បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសកាលពីថ្ងៃពុធ នៅមុនពេលការបោះឆ្នោតជាតិនៅថ្ងៃចុងសប្តាហ៍នេះ ក្នុងពេលមានការព្រួយបារម្ភអំពើហិង្សា។

ទាហាន បានធ្វើដំណើរតាមយានរថពាសដែកទៅកាន់ជំរំបណ្ដោះអាសន្ន ដែលត្រូវបានបង្កើតឡើងនៅទូទាំងរដ្ឋធានី Dhaka ដើម្បីជួយរដ្ឋបាលស៊ីវិលរក្សាសន្តិភាព និងសន្តិសុខ។ យោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ព នឹងធ្វើសកម្មភាពតាមការស្នើសុំពីមន្ត្រីបោះឆ្នោតតែប៉ុណ្ណោះ។

គណបក្សជាតិនិយមបង់ក្លាដែស (BNP) ដែលជាគណបក្សប្រឆាំងធំ នឹងធ្វើពហិការ ការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៧ ខែមករា បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina បានបដិសេធមិនយល់ព្រមចំពោះការទាមទាររបស់ពួកគេ ដែលឲ្យលោកស្រី លាលែងពីតំណែង និងប្រគល់អំណាចទៅឱ្យអាជ្ញាធរអព្យាក្រឹត ដើម្បីដំណើរការ ការបោះឆ្នោត។

លោកស្រី Hasina បានដាក់កំហុសលើគណបក្សជាតិនិយមបង់ក្លាដែស (BNP) ម្តងហើយម្តងទៀតចំពោះការញុះញង់បង្កឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឲ្យរង្គោះរង្គើទីក្រុង Dhaka ចាប់តាំងពីចុងខែតុលា ហើយនៅក្នុងហេតុការណ៍នោះ មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់។