អ័ព្ទយ៉ាងក្រាស់នៅក្នុងខេត្តមួយចំនួនរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា សប្ដាហ៍នេះ អាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារតែ មិនអាចមើលឃើញផ្លូវច្បាស់ ការបិទផ្លូវហាយវេ ពន្យារពេលជើងហោះហើរចេញពីទីក្រុងសៀងហៃ និងជំរុញឱ្យអ្នកព្យាករណ៍អាកាសធាតុចេញការព្រមាន និងការណែនាំជាបន្តបន្ទាប់។

មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបាននិយាយថា អ័ព្ទយ៉ាងក្រាស់បានប៉ះពាល់ដល់ខេត្ត សានទង់ (Shandong)ខេត្តហ៊ូប៉ី (Hubei) ខេត្តហ៊ូណាន (Hunan)ខេត្តជាំងស៊ី(Jiangxi)និង ខេត្ត ហ្វ៊ូជៀន (Fujian) ខណៈកម្រិតនៃការមើលឃើញផ្លូវច្បាស់ ក្រោម ២០០ ម៉ែត្រ រីឯផ្នែកខ្លះនៃភាគខាងត្បូង ខេត្ត ជាំងស៊ូ (Jiangsu) និងភាគខាងត្បូងខេត្ត អានហ៊ុយ (Anhui) មានកម្រិតនៃការមើលឃើញផ្លូវច្បាស់ ក្រោម៥០ ម៉ែត្រ។
នាយកដ្ឋានឧតុនិយមកណ្តាលបានចេញការព្រមានពណ៌លឿង និងពណ៌លឿងទុំ សម្រាប់អ័ព្ទខ្លាំងរហូតដល់ម៉ោង៧និង៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ក្រុមមន្ត្រីព្យាករណ៍អាកាសធាតុរបស់ចិនបានព្យាករណ៍ថា នឹងមានចុះអ័ព្ទនៅតំបន់ជាច្រើននឹងឈានចូលដល់ថ្ងៃសុក្រស្អែកទៀត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV តំបន់មួយចំនួននៃខេត្ត អានហ៊ុយ (Anhui) បានចេញការព្រមានពណ៌ក្រហមសម្រាប់អ័ព្ទខ្លាំង ដែលជាកម្រិតណែនាំដ៏ធ្ងន់ធ្ងរបំផុត ហើយផ្លូវហាយវេជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅទីក្រុង ណានជីង (Nanjing)នៃខេត្តជាំងស៊ូ(Jiangsu) ភាគខាងកើតប្រទេសចិន តំបន់ជាច្រើនត្រូវបានវាយប្រហារដោយអ័ព្ទខ្លាំង ដែលបង្កឱ្យមានការកកស្ទះក្នុងការដឹកជញ្ជូនសាធារណៈក្នុងកម្រិតផ្សេងៗគ្នា។ ប្រទេសចិនមានប្រព័ន្ធព្រមានពណ៌ប្រកាសអាសន្នបីកម្រិតសម្រាប់អ័ព្ទក្រាស់ ដោយពណ៌ក្រហមគឺធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌លឿងទុំ និងលឿង។
យោងតាមកម្មវិធីតាមដានការហោះហើររបស់ក្រុមហ៊ុន FlightView.com អ័ព្ទក៏បណ្តាលឱ្យជើងហោះហើររាប់សិបជើងចេញពីអាកាសយានដ្ឋានអន្តរជាតិសៀងហៃ ពូតុង(Shanghai Pudong) ត្រូវបានពន្យារពេល ឬបង្វែរក្នុងរយៈពេលបីម៉ោងចុងក្រោយនេះផងដែរ៕