បាល់ទាត់៖ ខ្សែប្រយុទ្ធ Barcelona, Ousmane Dembele នឹងត្រូវអវត្តមានពីក្រុមជំរើសជាតិបារាំងពេញមួយព្រឹត្តិការណ៍ Euro ២០២០ ដែលនៅសល់នេះដោយសាររបួសជង្គង់។

Dembele ត្រូវបានផ្លាស់ប្តូរចូលលេងនៅវគ្គទី២ ក្នុងជំនួបដែលបារាំងស្មើជាមួយហុងគ្រី ១-១ កាលពីថ្ងៃសៅរ៍ តែក៏ត្រូវបានផ្លាស់ចេញវិញក្រោយលេងបាន ៣០នាទី។ បន្ទាប់ពីការថត X-Ray នៅមន្ទីរពេទ្យទីក្រុង Budapest ប្រទេសហុងគ្រីនោះ សហព័ន្ធបាល់ទាត់បានបញ្ជាក់ថា កីឡាករវ័យ ២៤ឆ្នាំរូបនេះនឹងមិនអាចជួយក្រុមបារាំងបានឡើយ។ បារាំងនឹងត្រូវជួបជាមួយព័រទុយហ្កាល់ក្នុងជំនួបចុងក្រោយក្នុងពូល F នៅថ្ងៃពុធនេះ។
ក្រុមរបស់លោក Didier Deschamps កំពុងនាំមុខគេក្នុងពូល F នេះមាន ៤ពិន្ទុស្មើគ្នាជាមួយអាល្លឺម៉ង់តែនៅឈរពីលើដោយសារបានយកឈ្នះអាល្លឺម៉ង់ ១-០ ខណៈព័រទុយហ្កាល់ឈរលេខ៣ មាន ៣ពិន្ទុ ឯហុងគ្រីលេខ៤ មាន ១ពិន្ទុ។ មិនមានវត្តមាន Dembele ក៏មិនអីដែរ ក្រុមបារាំងនៅសល់កីឡាករនៅតំបន់ប្រយុទ្ធជាច្រើនទៀតដូចជា Karim Benzema, Kylian Mbappe, Olivier Giroud, Kingsley Coman, Antoine Griezmann និង Wissam ben Yedder៕
អត្ថបទ៖នាង សុភាវុធ