ប្រជាជនដែលជាប់ក្នុងតំបន់ហ្កាហ្សាស្រ្ទីប ដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល កំពុងជួបការលំបាកយ៉ាងខ្លាំងជាមួយនឹងកង្វះខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ។

បុគ្គលដែលងាយរងគ្រោះ ដូចជាទារក ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលមានរោគសញ្ញារ៉ាំរ៉ៃ មិនអាចទទួលបានសេវាវេជ្ជសាស្រ្តដែលមានជំនាញវិជ្ជាជីវៈនោះទេ។ កាន់តែអាក្រក់ទៅទៀតនោះ ជនភៀសខ្លួនមួយចំនួនធំត្រូវបង្ខំចិត្តស្វែងរកទីជំរកនៅកន្លែងដែលតូចចង្អៀតខ្លាំង ដែលនាំទៅដល់ការរីករាលដាលនៃជំងឺទូទៅ។

ជនភៀសខ្លួនបាននិយាយថា «មានកូនក្មេងជាច្រើននៅទីនេះ ប៉ុន្តែអត់មានជម្រកត្រឹមត្រូវទេ ហើយមានស្ត្រីមានផ្ទៃពោះយ៉ាងច្រើន ប៉ុន្តែគ្មានអាហារ គ្មានទឹក និងគ្មានរបស់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ យើងផឹកទឹកកខ្វក់លើដីដែលមានរសជាតិប្រៃ ហើយមានអ្នកជំងឺជាច្រើន ប៉ុន្តែអត់មានមានបន្ទប់ថែទាំ និងវេជ្ជបណ្ឌិតជំនាញទេ។

ទារកមិនមានទឹកដោះសម្រាប់ផឹកឡើយ ពួកយើងនៅហ្កាហ្សា ទាំងស្ត្រី កុមារ និងមនុស្សចាស់កំពុងរងទុក្ខវេទនាខ្លាំងណាស់»។
ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ២២.០០០នាក់ និងបានធ្វើឱ្យមនុស្សប្រហែល ៥៨.០០០នាក់ ផ្សេងទៀតរងរបួស ដូចដែលបានរាយការណ៍ដោយក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប៕