ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះដូរអ្នកទោសរាប់រយនាក់ កាលពីថ្ងៃពុធ នៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានថ្លែងថា ជនជាតិអ៊ុយក្រែន ២៣០នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ នៅក្នុងការដោះដូរអ្នកទោស រួមទាំងទាហាន និងពលទាហានចំនួន ២១៣នាក់ មន្ត្រី ១១នាក់ និងជនស៊ីវិល ៦នាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TASS បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានទទួលទាហានចំនួន ២៤៨នាក់ពីអ៊ុយក្រែនជាផ្នែកនៃកិច្ចព្រមព្រៀងនេះ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម ប៉ុន្តែពុំមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសមជ្ឈិមបូព៌ានេះអំពីការដោះដូរនោះទេ។
ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចរចាដោះលែងអ្នកទោសរាប់សិបដង ក្នុងអំឡុងសង្គ្រាមជិតពីរឆ្នាំរបស់ពួកគេ ដោយបានដោះលែងបុគ្គលិករាប់រយនាក់។
កាលពីឆ្នាំមុន ប្រទេសកាតា ក៏បានជួយដោះលែងកុមារអ៊ុយក្រែន ៤នាក់ ដែលត្រូវបានគេនាំចូលក្នុងប្រទេសរុស្ស៊ី។
ការដោះដូរនេះ កើតមានឡើង នៅពេលដែលរុស្ស៊ី បន្តវាយប្រហារអ៊ុយក្រែនដោយការវាយប្រហារតាមអាកាស ដោយកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា ក្នុងការវាយប្រហារដោយមីស៊ីលនិងយានដ្រូន។