អ្នកស្រុកនៅទីក្រុង វ៉ាជីម៉ា (Wajima) របស់ប្រទេសជប៉ុ នបានទៅពិនិត្យលំនៅឋានដែលត្រូវបានបំផ្លាញ និងបានតម្រង់ជួរសម្រាប់អាហារដោយមិនគិតថ្លៃ ស្របពេលមានការផ្គត់ផ្គង់ដ៏តឹងតែងនៅថ្ងៃព្រហស្បតិ៍ (០៤ មករា) បន្ទាប់ពីមានការរញ្ជួយដីដែលបានវាយប្រហារតំបន់នេះនៅថ្ងៃចូលឆ្នាំថ្មី។

ប្រជាពលរដ្ឋជាច្រើនបានត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដើម្បីយកវត្ថុដែលមិនខូចខាតមួយចំនួននៅក្នុងសង្កាត់មួយដែលត្រូវបានបំផ្លាញដោយអគ្គិភ័យទ្រង់ទ្រាយធំ។ អ្នកស្រុកបាននិយាយថា ពួកគេបារម្ភថានឹងមិនអាចរស់នៅទីនោះបានទៀត។

នៅទូទាំងទីក្រុង អ្នកស្ម័គ្រចិត្តជាច្រើនកំពុងចែកចាយអាហារដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។ អ្នកឈរតម្រង់ជួរយកអាហារបាននិយាយថាកង្វះទឹកបន្ទាប់ពីរញ្ជួយដីគឺជាក្តីបារម្ភធំបំផុតរបស់ពួកគេ។
ឧបទ្វីប ណូតូ (Noto) បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករា ដោយទីក្រុងកំពង់ផែនានារបស់ជប៉ុន ដូចជាទីក្រុង វ៉ាជីម៉ា (Wajima) និងទីក្រុងស៊ូស៊ុយ (Suzu) បានរងគ្រោះយ៉ាងខ្លាំង ដែលផ្លូវត្រូវបានគ្របដណ្ដប់ដោយល្បប់ លំនៅឋានជាច្រើនខ្នងបាក់រាបដល់ដី និងទូកជាច្រើនគ្រឿងបានលិច៕