យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៤ មករា) នេះថាកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូកែតរួមគ្នានៅទីក្រុង ផូឆុន (Pocheon) ជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង «ដើម្បីសាកល្បង និងបង្កើនការត្រៀមខ្លួនប្រយុទ្ធ ដោយក្លែងធ្វើការវាយប្រហាររបស់សត្រូវ»។

កងទ័ពកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដោយកងពលតូចថ្មើរជើងមេកានិចរបស់កងទ័ពកូរ៉េខាងត្បូង និងកងពលតូចទាហានរថពាសដែករបស់កងទ័ពសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអាវុធធុនធ្ងន់ ហើយបានធ្វើឡើងរយៈពេលមួយសប្តាហ៍ដោយចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ហើយបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។

សម្ព័ន្ធមិត្តទាំងពីរបានបង្កើនទំហំ និងកម្រិតតានតឹងនៃសមយុទ្ធរួមគ្នាកាលពីឆ្នាំមុន ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ខណៈដែលទីក្រុងព្យុងយ៉ាង បានសាកល្បងទាំងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងអាវុធតាកទិច ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅនៅភាគខាងត្បូង និងប៉ាស៊ីហ្វិក។
ទីក្រុងព្យុងយ៉ាង បានថ្កោលទោសសម្ព័ន្ធមិត្តទាំងពីរនេះ ចំពោះចំណាត់ការដ៏គ្រោះថ្នាក់ដែលជំរុញតំបន់នេះដល់គែមនៃ «សង្គ្រាមនុយក្លេអ៊ែរ»៕