មនុស្សជាង ៥០ នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកជួយសង្គ្រោះជប៉ុន បានព្យាយាមដើម្បីចូលទៅដល់មនុស្សរាប់រយនាក់ ដែលនៅតែត្រូវបានកាត់ផ្តាច់ពីជំនួយរយៈពេលបីថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៨ នាក់ស្លាប់។ ខណៈការស្វែងរកដ៏តក់ក្រហល់សម្រាប់រកអ្នកនៅរស់រានមានជីវិតនៅតែបន្ត សហគមន៍ជាច្រើននៅតែឯកោ ដោយសារបំណាក់ដី និងផ្លូវដែលត្រូវបានរាំងស្ទះនៅប្រទេសជប៉ុនភាគកណ្តាល ជាកន្លែងដែលរញ្ជួយដីកម្រិត ៧,៥ រិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ការរញ្ជួយដីដ៏មានឥទ្ធិពល ដោយក្រោយមកមានការរញ្ជួយរាប់រយលើក ទៀត បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៣០នាក់រងរបួស។ អាជ្ញាធរ បានផ្សព្វផ្សាយបញ្ជីឈ្មោះមនុស្ស ៥១ នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលទីកន្លែងបាត់ខ្លួនរបស់ពួកគេពុំត្រូវបានដឹងនៅឡើយ។

ទិដ្ឋភាពនៃការបំផ្លាញបន្ថែមទៀត ត្រូវបានមើលឃើញដោយសារព័ត៌មាន AFP នៅក្នុងទីក្រុងឆ្នេរ Anamizu រួមទាំងរថយន្តជាច្រើនគ្រឿងនៅក្រោមថ្មបាក់បែក។ ទាហាន អ្នកពន្លត់អគ្គីភ័យ និងនគរបាលរាប់ពាន់នាក់ មកពីទូទាំងប្រទេសជប៉ុន បានជីកកកាយតាមគំនរបាក់បែក នៃលំនៅឋានសាងសង់ពីឈើ និងអគារពាណិជ្ជកម្មដែលបាក់រលំ ដើម្បីស្វែងរកអ្នកនៅរស់។
គ្រួសារប្រហែល ២៩.០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត Ishikawa នៅឆ្នេរសមុទ្រជប៉ុន ហើយលំនៅឋានជាង ១១០.០០០ខ្នង នៅទូទាំងខេត្ត Ishikawa និងតំបន់ជិតខាងចំនួនពីរផ្សេងទៀត គ្មានទឹកប្រើប្រាស់។
ដំណើរការចូលទៅដល់ ត្រូវបានរារាំងសម្រាប់សហគមន៍តូចៗនៅក្នុងតំបន់ឧបទ្វីប Noto ដែលរងគ្រោះខ្លាំងបំផុត ដោយមនុស្ស ៣០០ នាក់ កំពុងរង់ចាំជំនួយក្នុងភាពអស់សង្ឃឹម នៅសាលារៀនមួយកន្លែងក្នុងទីក្រុង Ooya តំបន់ Suzu ។