អគ្គបញ្ជាការដ្ឋានកងទ័ព បាននិយាយកាលពីថ្ងៃពុធថា អង្គភាពកងទ័ព និងអាជ្ញាធរអនុវត្តច្បាប់ របស់ប្រទេសម៉ារ៉ុក បានចាប់ខ្លួនជនអន្តោប្រវេសន៍គ្មានឯកសារប្រមាណ ៨៧.០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលពួកគេភាគច្រើន មកពីអនុតំបន់សាហារ៉ាអាហ្វ្រិក។

កងទ័ព និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការត្រួតពិនិត្យព្រំដែន និងតំបន់ដែនសមុទ្រ ព្រមទាំងការប្រយុទ្ធប្រឆាំងការគំរាមកំហែងឆ្លងកាត់ព្រំដែន។

សេចក្តីថ្លែងការណ៍ និយាយថា កងទ័ពបានផ្តល់ការជួយសង្គ្រោះ និងជំនួយ ទៅដល់ជនអន្តោប្រវេសន៍ជាង ២២.០០០នាក់ ដែលជួបគ្រោះអាសន្ននៅលើទូក នៅលើដែនទឹកប្រទេសម៉ារ៉ុកក្នុងឆ្នាំ ២០២៣ ។
ប្រទេសម៉ារ៉ុក បានក្លាយជាប្រទេសឆ្លងកាត់មួយ សម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិក ដែលប៉ុនប៉ងទៅដល់ទ្វីបអឺរ៉ុប សម្រាប់ជីវិតរស់នៅកាន់តែប្រសើរ។ កងទ័ពបាននិយាយថា ពួកគេបានស្ទាក់ចាប់ជនអន្តោប្រវេសន៍ជាង ១.១០០នាក់ ដែលព្យាយាមចូលទៅដល់តំបន់ហ៊ុមព័ទ្ធ Ceuta របស់អេស្បាញ និងតំបន់ Melilla នៅភាគខាងជើងប្រទេសម៉ារ៉ុក កាលពីថ្ងៃចូលឆ្នាំសកល។ ផ្លូវថ្មីមួយ ដែលលាតសន្ធឹងឆ្លងកាត់ ឆ្នេរអាត្លង់ទិកប្រទេសអាហ្វ្រិកខាងលិចទៅកាន់ប្រជុំកោះ Canary ប្រទេសអេស្បាញ បានទាក់ទាញជនអន្តោប្រវេសន៍យ៉ាងច្រើន នៅក្នុងឆ្នាំ២០២៣។
គណៈកម្មការទទួលបន្ទុកជនភៀសខ្លួនប្រទេសអេស្បាញ បាននិយាយថាការមកដល់ជនអន្តោប្រវេសន៍ មកកាន់ប្រជុំកោះ បានកើនឡើង១៤០ភាគរយ ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។