
ផ្នែកខ្លះនៃភាគពាយ័ព្យអឺរ៉ុប កាលពីថ្ងៃពុធ (០៣ មករា) បានជួបការលំបាកដើម្បីទប់ទល់នឹងឥទ្ធិពលនៃព្យុះអាត្លង់ទិចចុងក្រោយបង្អស់ដែលបានបង្កជាភ្លៀង ឬព្រិលនៅលើដីដែលរងគ្រោះដោយព្យុះរួចទៅហើយ ខណៈដែលភាគខាងជើងតំបន់ស្កានឌី បានជួបប្រទះនឹងភាពត្រជាក់ខ្លាំង។
នៅភាគខាងជើងប្រទេសបារាំង ក្រុមអ្នកជួយសង្គ្រោះបានជួយជម្លៀសអ្នកស្រុកចេញពីលំនៅឋានលិចទឹកនៅក្នុងទីក្រុង អាកេស៍ (Arques) ក្នុងតំបន់ ប៉ាស ដឺខាឡាស៍ (Pas de Calais) ជាតំបន់ដែលបានជន់លិចជាលើកទីពីរក្នុងរយៈពេលពីរខែបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
នៅប្រទេសន័រវេស ទីក្រុង គ្រីស្ទៀនសាន (Kristiansand) ភាគខាងត្បូងបាននិយាយថា ខ្លួនបានបិទសាលារៀន និងលុបចោលរថយន្តក្រុងសាធារណៈទាំងអស់ បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំង។
ការិយាល័យឧតុនិយម របស់ស៊ុយអែតបាននិយាយថា ភូមិតំបន់អាក់ទិកឈ្មោះ ខ្វីកចូក (Kvikkjokk) បានកត់ត្រាសីតុណ្ហភាពពេញមួយយប់កម្រិត ដក ៤៣,៦អង្សាសេ ដែលជាសីតុណ្ហភាពត្រជាក់បំផុតរបស់ប្រទេសស៊ុយអែត សម្រាប់ខែមករាក្នុងរយៈពេល ២៥ឆ្នាំ៕