
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធ (០៣ មករា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់ ២២.៣១៣នាក់ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មកជាមួយនឹងមនុស្សចំនួន ៥៧.២៩៦នាក់ ផ្សេងទៀតបានរងរបួស។
ក្រសួងនេះបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១២៨នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៦១នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល គិតត្រឹមម៉ោង ១៤:០០ ថ្ងៃពុធ (ម៉ោងក្នុងស្រុក)។
យោធាអ៊ីស្រាអែលកាលពីថ្ងៃពុធ បានបន្តការវាយប្រហារតាមអាកាសនៅតំបន់ហ៊ុមព័ទ្ធនេះដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននៅក្នុងជំរំជនភៀសខ្លួន នុសៃរ៉ាត (Nuseirat) និងជំរំ ចាបាលីយ៉ា (Jabalia) នៅភាគកណ្តាលនិងភាគខាងជើងតំបន់ហ្កាហ្សា។ កងកម្លាំងអ៊ីស្រាអែល IDF បាននិយាយថា ការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនកំពុងបន្តនៅក្នុងទីក្រុងខាន់ យ៉ូនីស (Khan Yunis)។
ក្រុមហាម៉ាស បានប្រកាសនៅថ្ងៃដដែលនេះថា ខ្លួននៅតែបន្តវាយលុកគោលដៅរបស់អ៊ីស្រាអែល។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានបាញ់មីស៊ីល និងគ្រាប់បែកជាង ៤៥.០០០គ្រាប់ទៅកាន់តំបន់ហ្កាហ្សា ដែលមានទម្ងន់សរុបជាង ៦៥.០០០តោន ចាប់តាំងពីការផ្ទុះឡើងនៃអំពើហិង្សាជុំចុងក្រោយកាលពីថ្ងៃទី០៧ ខែតុលា មក៕