កំពង់ឆ្នាំង៖ កម្មករកម្មការនីតាមរោងចក្រនានាក្នុងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានអោយដឹងថា ថ្ងៃ៧មករា ជាថ្ងៃដ៏ឧត្តុងឧត្តមបំផុតចំពោះការកើតឡើងវិញជាថ្មីទៀតរបស់ប្រជាជនខ្មែរ។ មានថ្ងៃ៧មករា ១៩៧៩ ទើបមានសន្តិភាព មានសន្តិភាពទើបមានរោងចក្រអោយពួកគាត់ធ្វើការ មានការងារធ្វើនេះហើយទើបពួកគាត់មានជីវភាពធូរធារមួយកម្រឹតផងដែរ។
កម្មការនីរោងចក្របានអោយដឹងថា៖ គុណតម្លៃថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ ពួកគាត់ដឹងតាមរយៈឪពុកម្តាយប្រាប់ គឺពួកគាត់បានគិតថា ពិតជាមានរបបផ្តាច់ការដ៏សាហាវនោះពិតប្រាកដមែន និងបានសម្លាប់រង្គាលជនជាតិខ្មែរអស់ជាង៣លាននាក់ ធ្វើអោយប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ។ ដោយសារសម្តេចទាំង៣ បានរំដោះប្រទេសជាតិ ហើយសម្តេចតេជោ ហ៊ុន សែន បានខិតខំដឹកនាំប្រទេសពីចំណូចសូន្យ រហូតមានអ្វីៗសព្វបែបយ៉ាងក្នុងថ្ងៃនេះ ។ ចំណែកពួកគាត់ដែលជាកម្មករកម្មការនីដែលធ្វើការតាមរោងចក្ររាល់ថ្ងៃនេះ បើគ្មានគុណ៧មករានោះទេ គឺពួកគាត់មិនមានជីវិត មិនមានការងារធ្វើ មិនមានប្រាក់ឧបត្ថមគ្រួសារដូចសព្វថ្ងៃនេះឡើយ។
លោក ស៊ឹម សុវឌ្ឍនៈ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ វិស័យរោងចក្រក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ មានទាំងអស់ចំនួន២១កន្លែង មានកម្មករកម្ការនីសរុបចំនួន៤៦៦១៣នាក់ និងកម្មករកម្មការនីពិការភាពចំនួន៤៦៣នាក់ផងដែរ។ ចំណែកថវិកាដែលទទួលបានពីវិស័យនេះ ចូលមកក្នុងខេត្តកំពង់ឆ្នាំង ក្នុង១ខែ មានប្រមាណជាង១០លានដុល្លា ហើយថវិកានេះ បានហូរចូលទៅដល់គ្រួសាររបស់បងប្អូនកម្មករកម្មការនីទាំងអស់ និងដល់អាជីវករក្នុងខេត្តផងដែរ៕ ដោយ ៖ កាំង ហុងវាស្នា





