
កាលពីថ្ងៃពុធម្សិលមិញ មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានផ្តល់គ្រឿងឥស្សរយសដល់ទាហានដែលបានបាញ់ទម្លាក់យានដ្រូន Shahed និងមីស៊ីលតម្រង់គោលដៅរបស់រុស្ស៊ីកាលពីរយៈពេល ១ថ្ងៃមុនដោយប្រើប្រាស់អាវុធស្វ័យការពារចល័ត ។
លោកមេបញ្ជាការ Serhii Naiev និយាយថា បំពាក់ដោយកាំភ្លើងយន្តដែលអាចយួរបាន Stingers និង Browning ផ្តល់ជូនដោយសហរដ្ឋអាមេរិក អង្គភាពបង្កើតថ្មីឈរជើងនៅជុំវិញទីក្រុងគីវ បានបាញ់ទម្លាក់យានដ្រូន ៧គ្រឿង ក្នុងចំណោមយានដ្រូន Shahed ចំនួន ១៧គ្រឿង ហើយនិងមីស៊ីលតម្រង់គោលដៅ ១១គ្រាប់ក្នុងចំណោមមីស៊ីល ៤៨គ្រាប់ ដែលមានគោលដៅលើទីក្រុងគីវ ។
កាលពីថ្ងៃអង្គារកន្លងទៅ រុស្ស៊ី បានវាយប្រហារមកលើទីក្រុងធំៗបំផុតចំនួន ២របស់អ៊ុយក្រែន អំឡុងរលកនៃការវាយប្រហារតាមច្រកអាកាសរបស់ពួកគេ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោច ៥នាក់ និងបង្ខំឲ្យមានការអំពាវនាវពីលោកខាងលិច ដើម្បីផ្តល់ជូនភ្លាមៗជំនួយយោធាបន្ថែមទៀត ។
នៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា រុស្ស៊ី បានដាក់ពង្រាយមីស៊ីលជិត ៣០០គ្រាប់ និងយានដ្រូនជាង ២០០គ្រឿង សម្រាប់ការវាយប្រហាររយៈពេល ៣ថ្ងៃចុងក្រោយនេះ ។
លោកថា ការវាយប្រហារចុងក្រោយនេះដែរ មានគោលបំណងបំផ្លិចបំផ្លាញទ្រង់ទ្រាយធំកម្រិតអតិបរមា ៕