
មន្ទីរពេទ្យនៅក្នុងរដ្ឋយ៉ាងហោចណាស់ចំនួន៤ របស់សហរដ្ឋអាមេរិក បានកំណត់ឲ្យអនុវត្តកាតព្វកិច្ចឡើងវិញ ដោយសារមានការកើនឡើងនៃករណីជំងឺកូវីដ ផ្តាសាយតាមរដូវ និងជំងឺផ្លូវដង្ហើមផ្សេងទៀត។ កន្លែងថែទាំសុខភាព នៅរដ្ឋ New York (ញូវយ៉ក) California (កាលីហ្វ័រនីញ៉ា) Illinois (អ៊ីលីណយ) និង Massachusetts (ម៉ាសាឈូសេត) បានតម្រូវឲ្យពាក់ម៉ាសជាកាតព្វកិច្ច ក្នុងចំណោមបណ្ដាអ្នកជំងឺ និងអ្នកផ្តល់សេវា។
អ្នកទទួលខុសត្រូវផ្នែកសុខភាពទីក្រុងញូវយ៉ក លោកវេជ្ជបណ្ឌិត Ashwin Vasan កាលពីថ្ងៃពុធ (ទី៣ ខែមករា) បានប្រាប់ទូរទស្សន៍ WABC ថា កាតព្វកិច្ចពាក់ម៉ាស បានចាប់ផ្ដើមឡើងវិញ នៅមន្ទីរពេទ្យរដ្ឋទាំង ១១ របស់ទីក្រុង មណ្ឌលសុខភាពចំនួន៣០ និងកន្លែងថែទាំរយៈពេលវែងចំនួន៥។
ទិន្នន័យប្រចាំសប្តាហ៍ចុងក្រោយបំផុតពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩ សម្រាកនៅមន្ទីរពេទ្យជាង ២៩.០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ចន្លោះពីថ្ងៃទី ១៧-២៣ ខែធ្នូ ដោយកើនឡើងជាង ១៦ភាគរយ ធៀបនឹងសប្តាហ៍មុន។ ជាមួយគ្នានេះ CDC ក៏បានរាយការណ៍ផងដែរពីការចូលមន្ទីរពេទ្យនៃជំងឺគ្រុនផ្តាសាយជាង ១៤.៧០០នាក់ ក្នុងរយៈពេលដូចគ្នានោះ។
កាតព្វកិច្ចពាក់ម៉ាស គឺជាចំណុចក្ដៅខាងនយោបាយ និងវប្បធម៌ អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដែលបង្កឲ្យមានកំហឹងផ្ទុះឡោះងក្នុងចំណោមអ្នក ដែលមិនគោរពដំបូន្មានវេជ្ជសាស្រ្ត និងជឿថា ការពាក់ម៉ាសទទួលបានផលតិចតួចណាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
តុលាការកំពូល ដែលគ្រប់គ្រងដោយពួកអភិរក្សនិយម បានលុបចោលកាពត្វកិច្ច ឬការធ្វើតេស្តវ៉ាក់សាំងសហព័ន្ធរបស់ប្រធានាធិបតីលោក Joe Biden សម្រាប់ក្រុមហ៊ុននានា ហើយចៅក្រម ដែលត្រូវបានតែងតាំងដោយអ្នកកាន់តំណែងមុនរបស់គណបក្សសាធារណរដ្ឋ បានលុបចោលកាតព្វកិច្ចពាក់ម៉ាសដឹកជញ្ជូនសាធារណៈរបស់លោក។
គួរបញ្ជាក់ដែរថា តួលេខរបស់ CDC បង្ហាញថា ជនជាតិអាមេរិកជាង ១,១លាននាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាអត្រាខ្ពស់បំផុតជាងប្រទេសអ្នកមានផ្សេងទៀត៕