
មន្ត្រីរដ្ឋបាលលោក Joe Biden កាលពីថ្ងៃពុធ (ទី៣ ខែមករា) បាននិយាយថា មិនមានហេតុផល ដែលត្រូវជឿថា អ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ចំពោះការផ្ទុះ នៅអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សប្រហែលជិត ១០០នាក់នោះទេ ដោយគិតថា វានៅមិនទាន់ច្បាស់ទេថា អ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារនោះ។
អ្នកនាំពាក្យសេតវិមានទទួលបន្ទុកសន្តិសុខជាតិ លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិនមានព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀប ដែលការផ្ទុះនោះ បានកើតឡើង ឬអ្នកណាអាចនឹងទទួលខុសត្រូវចំពោះការផ្ទុះនោះ»។ លោកបានបន្ថែមថា៖ «នាពេលនេះ យើងមិនមានការបញ្ជាក់ទាល់តែសោះថា អ៊ីស្រាអែលមានជាប់ពាក់ព័ន្ធតាមវិធីណាមួយនោះ»។
សូមបញ្ជាក់ថា មនុស្សប្រមាណជិត ១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះចំនួន២ ដាច់ដោយឡែកពីគ្នា នៅទីក្រុង Kerman អំឡុងព្រឹត្តិការណ៍មួយ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់មរណភាពរបស់អតីតឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qasem Soleimani ដែលជាប្រធានវរជនឆ្មាំបដិវត្តន៍នៃកងកម្លាំង Quds ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០២០។
ការបំផ្ទុះនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការផ្ទុះមួយបានសម្លាប់មន្ត្រីក្រុមហាម៉ាសជាច្រើននាក់ នៅក្នុងប្រទេសលីបង់ ដែលនាំឲ្យមានការព្រួយបារម្ភកើនឡើងនូវអំពីសក្តានុពលនៃការរីការាលនូវជម្លោះ នៅមជ្ឈិមបូព៌ា ដោយសារសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា៕