
អតីតប្រធានសាកលវិទ្យាល័យ Harvard បន្ទាប់ពីលាលែងពីតំណែង កាលពីថ្ងៃពុធ (ទី៣ ខែមករា) បាននិយាយថា លោកស្រីមានកំហុស ប៉ុន្តែបានទទូចថា លោកស្រីគឺជាគោលដៅនៃការបន្តយុទ្ធនាការនិយាយពាក្យកុហក និងការជេរប្រមាថផ្ទាល់ខ្លួន។
លោកស្រីសាស្ត្រាចារ្យ Claudine Gay បានលាលែងពីតំណែង កាលពីថ្ងៃទី២ ខែមករា បន្ទាប់ពីរងការរិះគន់ខ្លាំងៗ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទលួចចម្លង និងការឆ្លើយតបរបស់លោកស្រី ចំពោះបាតុកម្មដែលគាំទ្រប៉ាឡេស្ទីន នៅទីធ្លាបរិវេណសាកលវិទ្យាល័យ ក្នុងទីក្រុង Cambridge រដ្ឋ Massachusetts ចំពេលមានសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
លោកស្រីបានសរសេរនៅក្នុងទំព័រសារព័ត៌មាន The New York Times ថា៖ «អ្នកដែលបានធ្វើយុទ្ធនាការឥតឈប់ឈរ ដើម្បីទម្លាក់រូបខ្ញុំពីតំណែង ចាប់តាំងពីសម្រេចបាន ជារឿយៗបានបង្កើតពាក្យភូតកុហក និងការប្រមាថដែលទាក់ទាញការចាប់អារម្មណ៍ ពោលគឺមិនមែនជាការវែកញែកដោយហេតុផលនោះឡើយ។ ពួកគេបានចាប់ផ្ដើមឡើងវិញនូវគំរូខាងពូជសាសន៍ដ៏គួរធុញទ្រាន់ ពាក់ព័ន្ធនឹងទេពកោសល្យ និងនិស្ស័យរបស់ជនជាតិស្បែកខ្មៅ។ ពួកគេបានជំរុញឲ្យមានរឿងនិទានមិនពិត ជុំវិញភាពសោះអង្គើយ និងការខ្វះសមត្ថភាព»។
លោកស្រីសាស្រ្តាចារ្យ Gay ត្រូវបានគេរិះគន់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានរបាយការណ៍លេចចេញ ដែលចោទលោកស្រីថា មិនបានដកស្រង់ប្រភពអ្នកប្រាជ្ញឲ្យបានត្រឹមត្រូវ។ ការចោទប្រកាន់ថ្មីៗបំផុត បានកើតឡើងកាលពីថ្ងៃទី២ ខែមករា ដែលត្រូវបានចេញផ្សាយដោយអនាមិកនៅក្នុងបណ្តាញព័ត៌មានអនឡាញពួកអភិរក្សនិយម។
លោកស្រីសាស្រ្តាចារ្យ Gay ដែលបានបង្កើតប្រវត្តិសាស្ត្រជាជនស្បែកខ្មៅដំបូងគេ ក្នុងការបានធ្វើជាប្រធានសាកលវិទ្យាល័យ Harvard បាននិយាយថា លោកស្រីត្រូវបានគេកំណត់គោលដៅ ព្រោះលោកស្រីជឿថា «កូនស្រីរបស់ជនអន្តោប្រវេសន៍ហៃទីរូបនេះ មានអ្វី ដែលត្រូវផ្តល់ជូនដល់សាកលវិទ្យាល័យចំណាស់ជាងគេរបស់ប្រទេសនេះ»។ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះ កើតនៅទីក្រុងញូវយ៉ក និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ៕