
សារព័ត៌មាន Tagesschau បានរាយការណ៍ថា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit បាននិយាយថា ទីក្រុងប៊ែរឡាំង នៅតែមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់មីស៊ីលតម្រង់គោលដៅ Taurus ដល់ទីក្រុងគីវ ហើយក្នុងពេលជាមួយគ្នានោះដែរ លោកក៏បានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានហៅពួកវាថា ជាឧក្រិដ្ឋកម្មសង្គ្រាម។
លោកបាននិយាយខណៈដែលសង្កត់ធ្ងន់លើការវាយប្រហារដ៏ធំលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាពិតជាគួរឲ្យស្អប់ខ្ពើមបំផុតថា៖ «មិនមានស្ថានភាពថ្មីក្នុងបញ្ហានេះទេ»។
ប្រធានគណៈកម្មាធិការការពារនៃសភាអាល្លឺម៉ង់ លោក Marie-Agnes Strack-Zimmermann មុននេះ បានអំពាវនាវឲ្យមានការបញ្ជូនមីស៊ីលតម្រង់គោលដៅ Taurus ទៅកាន់អ៊ុយក្រែន និងបានជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ បង្កើនល្បឿននៃការផ្គត់ផ្គង់គ្រាប់រំសេវ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់អ្នកយកព័ត៌មានដោយ«កំហឹង» ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ថា អ៊ុយក្រែននឹងមិនទទួលបានមីស៊ីល Taurus ពីប្រទេសរបស់ខ្លួនទេ។
ការស្ទាក់ស្ទើររបស់លោកអធិការបតី អូឡាហ្វ សូល (Olaf Scholz) អាចត្រូវបានពន្យល់ដោយការព្រួយបារម្ភរបស់ខ្លួនដែលថា អ៊ុយក្រែននឹងប្រើប្រាស់មីស៊ីល ដើម្បីវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី ដូច្នេះហើយបានទាក់ទាញទីក្រុងប៊ែរឡាំងឲ្យប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយទីក្រុងមូស្គូ។