
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times គ្រប់គ្រងដោយរដ្ឋចិន បានឲ្យដឹងថា មនុស្ស ៥នាក់ នៅទីក្រុងភាគនិរតីប្រទេសចិន ជិតព្រំដែនមីយ៉ាន់ម៉ា បានរងរបួសកាលពីថ្ងៃពុធ ដោយសារតែការផ្លោងគ្រាប់កាំភ្លើងធំឆ្លងកាត់ព្រំដែន ស្របពេលដែលការប្រយុទ្ធគ្នារវាងរបបសឹកមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅតែបន្ត បើទោះបីជាមានកិច្ចចរចាក៏ដោយ ។
វីដេអូសាក្សីទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញមនុស្សម្នាក់ដេកដួលលើចិញ្ចើមផ្លូវនៅមុខហាង ខណៈដែលមនុស្សស្រែកប្រាប់ឲ្យទូរស័ព្ទហៅក្រុមនគរបាល ។
កាសែត Global Times រាយការណ៍ថា ក្រុមមន្រ្តីនៅទីក្រុង Zhenkang ខេត្ត Yunnan បានបញ្ជាក់ពីការផ្លោងគ្រាប់កាំភ្លើងធំ ដែលផ្លោងចេញពីទីក្រុង Laukkaiស្ថិតក្នុងតំបន់ Kokang របស់មីយ៉ាន់ម៉ា ត្រូវចំទីក្រុង Nansan ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន កាលពីវេលាម៉ោង ២រសៀល ម៉ោងក្នុងស្រុក ថ្ងៃពុធ ។
នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំងនិយាយថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្លោងគ្រាប់កាំភ្លើងធំចេញពីព្រំដែនរបស់មីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមនុស្សរងរបួសនៅក្នុងទឹកដីចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងប៉េកាំងបានដាក់ការតវ៉ាមីយ៉ាន់ម៉ា ហើយចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិពលរដ្ឋរបស់ខ្លួន ៕