
នៅថ្ងៃព្រហស្បតិ៍នេះក្រសួងការបរទេសចិន បានជំរុញឲ្យភាគីទាំងអស់ការពារសន្តិសុខ និងផ្លូវដឹកជញ្ជូននៅក្នុងសមុទ្រក្រហម និងបានចាត់ទុកវាថាជាផ្លូវដឹកជញ្ជូនសំខាន់សម្រាប់ពាណិជ្ជកម្មថាមពល និងទំនិញអន្តរជាតិ ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ដែលគ្រប់គ្រងតំបន់ភាគច្រើននៅយេម៉ែន បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលមកលើនាវាជាង ២០គ្រឿង ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិការហូតមក ដោយពួកគេនិយាយថា ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា
ក្រុមឧទ្ទាមហ៊ូធីនិយាយថា កងកម្លាំងរបស់ខ្លួនត្រូវតែវាយប្រហារលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែនាវាភាគច្រើន ពុំមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនោះឡើយ ហើយពួកគេក៏ពុំបានធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែលនោះដែរ ហើយផ្លូវដឹកជញ្ជូនសំខាន់ៗ បានផ្អាកប្រតិបត្តិការរបស់ពួកគេឆ្លងកាត់សមុទ្រក្រហម ។
សហរដ្ឋអាមេរិក និងប្រទេសចំនួន ១១ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធ ដោយពួកគេអំពាវនាវឲ្យបញ្ចប់ការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធីនៅក្នុងសមុទ្រក្រហម ។
លោក Wang Wenbin គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងប៉េកាំងថា ចិនតែងតែគាំទ្រឲ្យរក្សាសន្តិសុខផ្លូវទឹកអន្តរជាតិ ហើយជំទាស់ទាំងស្រុងការយាយីមកលើនាវាស៊ីវិល ៕