
សារព័ត៌មាន Al-Qahera របស់ប្រទេសអេហ្ស៊ីប បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយកាលពីថ្ងៃពុធថា គ្មានជម្រើសជំនួសផ្លូវនៃការចរចា ដើម្បីដោះស្រាយវិបត្តិនៅតំបន់ហ្កា ហ្សាស្ទ្រីបនោះទេ។
មន្ត្រីរូបនេះ បាននិយាយសំដៅលើតួនាទីបង្កើតសន្តិភាពរបស់អេហ្ស៊ីប ក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដែលកំពុងបន្តថា «មិនអាចខ្វះបាន»។
លោកត្រូវបានដកស្រង់សម្តីថា៖«ក្នុងករណីអវត្តមាននៃការសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប ភាពធ្ងន់ធ្ងរនៃវិបត្តិ អាចកើនឡើង និងកាន់តែអាក្រក់លើសពីការប៉ាន់ស្មានរបស់ភាគីទាំងអស់»។
ទីក្រុងគែរ គឺជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងជម្លោះដែលកំពុងបន្តរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារលើទីក្រុងភាគខាងត្បូងអ៊ីស្រាអែលដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីព្រឹកថ្ងៃពុធថា ការកើនឡើងនៃការសងសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២២.៣០០ នាក់ និងរបួសប្រហែល ៥៧.៣០០នាក់ផ្សេងទៀត។