
អ័ព្ទយ៉ាងក្រាស់ បានគ្របដណ្តប់ខេត្តជាច្រើនរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យបិទផ្លូវ និងផ្លូវហាយវ៉េ ស្របពេលដែលរយៈចម្ងាយមើលឃើញ បានធ្លាក់ចុះ ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋ CCTV ឃើញអ័ព្ទយ៉ាងក្រាស់គ្របដណ្តប់លើខេត្ត Jiangxi និងខេត្ត Jiangsu បង្ខំឲ្យបិទចរចរណ៍លើផ្លូវល្បឿនលឿន និងផ្លូវហាយវ៉េ ពេលដែលអ្នកបើកបរឈប់រថយន្តរបស់ពួកគេនៅតាមផ្លូវ ។
មន្ទីរឧតុនិយមជាតិចិន រាយការណ៍ថា អ័ព្ទយ៉ាងក្រាស់នេះដែរ បានធ្វើឲ្យប៉ះពាល់ដល់ខេត្ត Shandong, Hubei, Hunan, Jiangxi និងខេត្ត Fujian ផងដែរ ក្នុងនោះរយៈចម្ងាយមើលឃើញ បានធ្លាក់នៅទាបជាង ២០០ម៉ែត្រ ខណៈដែលតំបន់មួយចំនួននៅខេត្តភាគខាងត្បូង Jiangsu និងខេត្ត Anhui រយៈចម្ងាយមើលឃើញ បានធ្លាក់ចុះទាបជាង ៥០ម៉ែត្រ ។
ទីភ្នាក់ងារមួយនេះ បានចេញសេចក្តីប្រកាសអាសន្នសម្រាប់ការចុះអ័ព្ទខ្លាំងកម្រិតពណ៌លឿងទុំផងដែរ ។
សូមបញ្ជាក់ថា ចិនមានប្រព័ន្ធប្រកាសអាសន្នកម្រិត ៣ពណ៌សម្រាប់អ័ព្ទក្រាស់ ក្នុងនោះពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺកម្រិតពណ៌លឿងទុំ និងកម្រិតពណ៌លឿង ៕