ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះអង្គការUNDP ដែល បានផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាសម្រាប់វិស័យដោះមីនដោយគម្រោងចាប់តាំងពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០២៥មានជំនួនទឹកប្រាក់ជិតមួយលានដុល្លារអាមេរិកនោះ។
នៅក្នុងកិច្ចជំនួបជាមួយ លោក Nick Beresford តំណាង UNDP ជិតចប់អាណត្តិប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការអាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ចំពោះអង្គការ UNDP ដែលបានចូលរួមចំណែកគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ក្នុងនោះ វិស័យបោសសម្អាតមីនតាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥ UNDP បានកៀរគរនូវធនធានសរុបថវិកាប្រមាណ ៨៤,៨៦០,៨៩៥ ដុល្លារអាមេរិក ផ្តោតលើខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យនោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ថវិកាដែលបានមកពីUNDPនេះ គឺក្រោមការចូលរួមផ្តល់ជំនួយគាំទ្រពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ដូចជាUN អូស្រា្តលី កាណាដា សាធារណរដ្ឋកូរ៉េ ស្វីស អេស្ប៉ាញ សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័រវេស្ស ស៊ុយអែដ អៀរឡង់ បែលហ្សិក និងបារាំង ជាដើម។ ក្រោមជំនួយគាំទ្រខាងលើ និងក្រោមការសម្របសម្រួលរបស់លោក Nick Beresford ចាប់ពីឆ្នាំ២០១៦ លោកបានខិតខំប្រឹងប្រែងកៀរគរនូវធនធានគិតជាថវិកាសរុប ៣២,២៣១,៤១៩ ដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់រហូតដល់ឆ្នាំ២០២៥ ក្នុងការគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ខណៈនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ទុកអង្គការ UNDP គឺជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រ ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលទាំងផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេស។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Nick Beresford បានលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយដែលបានបំពេញការងារនៅកម្ពុជា ព្រមទាំងទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា លើការរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមមានការងារបោសសម្អាតមីនមនុស្សធម៌ផងដែរ ក្រោមការងារដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ដែលបានចូលរួមចំណែកក្នុងផ្តល់ដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទីជនបទ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននោះ។
សូមបញ្ជាក់ថា ក្នុងបេសកកម្មរយៈពេល៥ឆ្នាំនេះ សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ លោក Nick Beresford បានទទួលនូវមេដាយសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសប្រារព្ធសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨៕ អត្ថបទ៖ បាន ចក់