
បើតាមគ្រូពេទ្យម្នាក់ ដែលធ្វើការវះកាត់ឲ្យលោក Lee Jae-myung នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) នេះ បាននិយាយថា មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងកំពុងតែប្រសើរឡើងពីការវះកាត់ ដើម្បីជួសជុលតភ្ជាប់សរសៃវ៉ែនសំខាន់មួយ ដែលត្រូវបានដាច់ដោយសារការវាយប្រហារដោយកាំបិត កាលពី ២ថ្ងៃមុន។
លោកសាស្ត្រាចារ្យ Min Seung-kee បានប្រាប់សន្និសីទសារព័ត៌មានថា លោក Lee ទាមទារឲ្យមានការតាមដានបន្តទៀត ដោយសារតែរបួសសរសៃឈាមភ្ជាប់ទៅបំពង់កមានភាពស្មុគស្មាញ ក្នុងការជួសជុល ហើយផលប៉ះពាល់ក្រោយការវះកាត់ មិនអាចត្រូវបានបដិសេធនោះឡើយ។ លោក Min ដែលមកពីអង្គភាពវះកាត់សរសៃឈាមរបស់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល បាននិយាយថា៖ លោក Lee សំណាងល្អណាស់ បានប្រសើរឡើងវិញ»។
សូមបញ្ជាក់ថា លោក Lee ត្រូវបានវាយប្រហារនៅទីក្រុង Busan ដោយបុរសម្នាក់វ័យជាង ៦០ឆ្នាំ ដែលបានបន្លំខ្លួនជាអ្នកគាំទ្រ ហើយបានចូលទៅកៀកលោក នៅឯព្រឹត្តិការណ៍សាធារណៈមួយ ដោយចាក់លោកចំកញ្ចឹងក ដោយកាំបិត។ ភ្លាមៗ ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
ការវាយប្រហារនេះបានធ្វើឲ្យភ្ញាក់ផ្អើលទូទាំងប្រទេស ហើយត្រូវបានថ្កោលទោសដោយគណបក្សរបស់លោក Lee និងគូប្រជែងរបស់គណបក្សដូចគ្នា។ ពេលនេះ មានការចោទសួរជាថ្មីអំពីសុវត្ថិភាពនៃអ្នកនយោបាយលេចធ្លោ ដោយពិចារណាអំពីប្រវត្តិនៃអំពើហិង្សានយោបាយរបស់ប្រទេសនេះ ទោះបីជាមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹងក៏ដោយ៕