
វីដេអូក្នុងបន្ទប់តុលាការ បានបង្ហាញពីការវាយប្រហាររបស់ឧក្រិដ្ឋជន ដែលត្រូវបានផ្ដន្ទាទោស ទៅលើប្រធានចៅក្រម ក្នុងពេលកំពុងដំណើរការសវនាការកាត់ទោស កាលពីថ្ងៃពុធ (ទី៣ ខែមករា) ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។
ចៅក្រមនៃតំបន់ Clark អ្នកស្រី Mary Kay Holthus ជិតនឹងចេញការសម្រេចប្រកាសសាលក្រមរបស់លោកស្រី សម្រាប់អ្នកទោសឧក្រិដ្ឋ លោក Deobra Redden ស្រាប់តែអ្នកទោសរូបនោះរត់ឡើងកៅអីតុលាការ ហើយលោតរំលងទៅវាយដំលោកស្រីចៅក្រម។ វីដេអូនោះបង្ហាញបង្គោលទង់ជាតិមួយដួលរលំ ហើយបុគ្គលិកតុលាការព្យាយាមចាប់ខ្លួនលោក Redden នៅពេលដែលរូបគេបានស្រែកជេរប្រទេច និងព្រលែងកណ្តាប់ដៃយ៉ាងពេញទំហឹង មុនពេលត្រូវបានអូសចេញ។
មួយស្របក់នៅមុនការវាយប្រហារនោះ លោក Redden កំពុងស្នើសុំតុលាការឲ្យមានការបន្ធូរបន្ថយពីចៅក្រមលោកស្រី Holthus ដោយនិយាយថា លោកមានជម្ងឺផ្លូវចិត្ត ប៉ុន្តែកំពុងប្រសើរឡើងវិញ មានប្រព័ន្ធគាំទ្រ និងការងារថ្មី ហើយមិនសមនឹងជាប់ពន្ធនាគារនោះទេ៕