ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៤ ខែមករានេះ បានដឹកនាំក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ប្រជុំពិនិត្យ និងពិភាក្សាបន្ដលើសេចក្ដីព្រាងប្រកាស ស្តីពីបែបបទ និងនីតិវិធីក្នុងការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តបទល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្ដិសុខសង្គម។ ជាការពិន័យដែលផ្តោតលើរោងចក្រសហគ្រាសណាដែលមិនព្រមបង់ភាគទាន ឬលាក់កម្មករនិយោជិតដោយមិនព្រមបង់ភាគទានជូនកម្មករនិយោជិត។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសព្រៀងនេះមានសារសំខាន់ណាស់ដើម្បីការពារផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងទប់ស្កាត់នូវភាពមិនប្រក្រតីណាមួយរបស់រោងចក្រសហគ្រាស ដែលល្មើសទៅនឹងច្បាប់ស្ដីពីរបបសន្តិសុខ សង្គម ជាពិសេសត្រូវសហការជាមួយភាគីពាក់ព័ន្ធនានាដើម្បីប្រមូលធាតុចូល និងពន្លឿនសេចក្ដីព្រាងប្រកាសនេះឱ្យបានឆាប់រហ័សពេញលេញគ្រប់ជ្រុងជ្រោយ៕ ដោយ ៖ វិចិត្រ




