
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) នេះ បានលើកឡើងថា អាហ្រ្វិក និងគ្រោះថ្នាក់ ដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាបញ្ហាសំខាន់ធំៗចំនួន២ សម្រាប់ប្រទេសអ៊ីតាលី ក្នុងពេលកាន់តំណែងប្រធានរយៈពេល ១ឆ្នាំនៃក្រុមប្រទេសទាំង៧ ឬG7។
ប្រទេសអ៊ីតាលីបានចូលកាន់តំណែងជាប្រធានប្តូរវេនរបស់ G7 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស និងអ៊ីតាលី នៅដើមខែមករានេះ។ ប្រទេសនេះនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាច្រើនពេញមួយឆ្នាំ ក្នុងនោះរួមទាំងកិច្ចប្រជុំកំពូលរបស់បណ្ដាមេដឹកនាំ នៅក្នុងខែមិថុនាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Meloni បាននិយាយថា លោកស្រីចង់រៀបចំកិច្ចប្រជុំពិសេសមួយ មុនខែមិថុនា ដោយផ្តោតលើ AI។
លោកស្រីបានប្រាប់សន្និសីទសារព័ត៌មាន ដើម្បីប្រារព្ធពិធីដំណាច់ឆ្នាំថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់របស់ AI លើទីផ្សារការងារ។ ថ្ងៃនេះយើងប្រឈមមុខនឹងបដិវត្តន៍ ដែលបញ្ញា (មនុស្ស) ស្ថិតក្នុងហានិភ័យដោយកំពុងត្រូវបានជំនួស»។
ជាមួយគ្នានេះ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា ការគាំទ្រដល់ការអភិវឌ្ឍន៍អាហ្វ្រិក ក៏នឹងក្លាយជាប្រធានបទសំខាន់ G7 របស់លោកស្រីផងដែរ ដោយនិយាយថា វាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក និងកម្រិតជីវភាពរស់នៅ ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍កុំឲ្យធ្វើដំណើរទៅកាន់អឺរ៉ុប៕