
នាង Britney Spears បានប្រកាសថា នាងនឹងមិនវិលត្រឡប់មកកាន់ឧស្សាហកម្មតន្ត្រីវិញទេ កាលពីថ្ងៃពុធ (ទី៣ ខែមករា)។ តារាចម្រៀងម្ចាស់បទ «Toxic» (ពិសពុល) រូបនេះ បានយកវេទិកាបណ្ដាញសង្គម ដើម្បីបដិសេធពាក្យចចាមអារ៉ាម ដែលថា រូបនាងកំពុងធ្វើការ ដើម្បីចេញអាល់ប៊ុមស្ទូឌីយោទី១០ របស់នាង។
តាមរយៈគណនី Instagram ផ្លូវការរបស់នាង អ្នកនាង Spears បានឲ្យដឹងថា៖ «ដើម្បីឲ្យយើងដឹងកាន់តែច្បាស់បំផុតថា ព័ត៌មានភាគច្រើន គឺចុះផ្សាយមិនសមហេតុផល។ ពួកគេបន្តផ្សព្វផ្សាយថា ខ្ញុំកំពុងវិលទៅរកអ្នកនេះទៅរកអ្នកនោះ ដើម្បីធ្វើអាល់ប៊ុមថ្មី។ ខ្ញុំសូមប្រាប់ថា ខ្ញុំនឹងមិនវិលត្រឡប់ចូលឧស្សាហកម្មតន្ត្រីវិញទេ»។
បណ្ដាបណ្ដាញសារព័ត៌មាននានា ដែលរួមមាន Sun U.S និង Page Six ផងដែរនោះ បានរាយការណ៍ថា តារាម្រៀង និងជាអ្នកនិពន្ធបទចម្រៀង ២នាក់ គឺអ្នកនាង Charlie XCX និងអ្នកនាង Julia Michaels ត្រូវបានស្នើសុំឲ្យនិពន្ធបទចម្រៀង សម្រាប់តារាប៉ុបវ័យ ៤២ឆ្នាំ៕