ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (០៥ មករា) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការជំរុញការផលិតយានបាញ់មីស៊ីលជាច្រើនគ្រឿង ដោយហៅរឿងនេះថាជាកិច្ចការសំខាន់មួយដើម្បីរៀបចំសម្រាប់ «ការប្រយុទ្ធយោធា» ជាមួយសត្រូវ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម បានទៅពិនិត្យរោងចក្រផលិតឧបករណ៍ដឹកជញ្ជូនជើងទម្រសម្រាប់បាញ់មីស៊ីល (TEL) និងបាននិយាយថា ការផលិតយានផ្សេងៗសម្រាប់អាវុធតាកទិច និងយុទ្ធសាស្ត្រ គឺជាកិច្ចការសំខាន់ក្នុងការជំរុញការរារាំងសង្គ្រាមនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថាកូរ៉េខាងជើងថ្មីៗនេះបានផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលផ្លោង និងមីស៊ីលសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ដោយជាអាវុធខ្លះដែលរុស្ស៊ីបានបាញ់ចូលទៅក្នុងអ៊ុយក្រែន។

ក្នុងអំឡុងពេលកិច្ចប្រជុំគណបក្សដ៏សំខាន់មួយកាលពីសប្តាហ៍មុន លោក គីម បានបញ្ជាឱ្យវិស័យយោធា ឧស្សាហកម្មគ្រាប់បែក និងវិស័យអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន ឱ្យពន្លឿនការរៀបធ្វើសង្រ្គាម ខណៈដែលលោកបាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យកើតមានសង្រ្គាមដោយជៀសមិនរួច៕