អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ថាប្រទេសចិន បានតវ៉ាទៅកាន់សហភាពមីយ៉ានម៉ា ជុំវិញហេតុការណ៍ដែលមនុស្សប្រាំនាក់បានរងរបួស បន្ទាប់ពីការបាញ់កាំភ្លើងធំបានវាយប្រហារអំឡុងពេលការប្រយុទ្ធគ្នារវាងរបបសឹកដែលកំពុងកាន់អំណាច និងក្រុមឧទ្ទាម ហើយបានប្រយុទ្ធគ្នាជ្រុលចូលទៅក្នុងទីក្រុងតូចមួយនៅជិតព្រំដែនចិន។

ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា រវាងយោធា និងក្រុមឧទ្ទាម ចាប់តាំងពីចុងខែតុលា ដោយជំរុញឱ្យមានការអំពាវនាវបទឈប់បាញ់ពីប្រទេសចិន ដែលនៅជិតខាង ហើយថែមទាំងបានជួយសម្រួលដល់កិច្ចសន្ទនារវាងភាគីជម្លោះទាំងពីរផងដែរ។

នៅមុននោះ សារព័ត៌មាន ក្លូបប៊ល ថែមស៍ (Global Times) ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា មនុស្ស ៥នាក់នៅទីក្រុង ណានសាន (Nansan) ដែលជាទីក្រុងអនុតំបន់ត្រូពិចនៅក្បែរមីយ៉ាន់ម៉ា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានរងរបួសកាលពីថ្ងៃពុធដោយសារគ្រាប់ផ្លោង។

ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានជំរុញជនជាតិរបស់ខ្លួនកាលពីសប្តាហ៍មុនឱ្យចាកចេញពីទីក្រុង ឡោកខៃ (Laukkai) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីកំណើនហានិភ័យផ្នែកសន្តិសុខ៕