ភ្នំពេញ៖ ក្រសួងសុខាភិបាល តាមរយៈលោកជំទាវ ឱ វណ្ឌឌីន បានបញ្ជាក់នៅថ្ងៃនេះថា អ្នកជំងឺដែលបានឆ្លងវីរុសបំប្លែងថ្មី Delta B.1.617-2 ត្រូវការពេលវេលាព្យាបាលយូរជាងការព្យាបាលអ្នកជំងឺដែលមានផ្ទុកវីរុសកូវីដ១៩ធម្មតា។ នេះជាការបញ្ជាក់ ក្រោយកម្ពុជាបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះចំនួន ១០ករណី ជាការនាំចូល។
ថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញនូវវត្តមាន វីរុសបំប្លែងថ្មី DELTA B.1.617-2 ចំនួន ១០ករណី ដែលជាការនាំចូលពី ប្រទេសថៃ។ ករណីនេះគឺមានការយកចិត្តទុកដាក់ជាខ្លាំង ដោយអ្នកជំងឺទាំងនោះ ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិត។
ជុំវិញករណី វីរុសបំប្លែងថ្មីនេះ លោកជំទាវ ឱ វណ្ឌឌីន បញ្ជាក់ថា អ្នកជំងឺឆ្លងវីរុសបំប្លែងថ្មីនេះ គឺកំពុងស្ថិតក្រោមការតាមដានយ៉ាងម៉ត់ចត់ ហើយពុំទាន់មានការវិវត្តទៅកម្រិតធ្ងន់ធ្ងរណាមួយនោះទេ។
លោកជំទាវបញ្ជាក់បន្ថែមថា ក្រោមការពិនិត្យព្យាបាល គឺបង្ហាញថាអ្នកជំងឺ ឆ្លងវីរុសបំប្លែងថ្មី Delta B.1.617-2 ត្រូវការពេលវេលាយូរក្នុងការព្យាបាល បើធៀបនឹងរយៈពេលព្យាបាលចំពោះ អ្នកឆ្លងវីរុសធម្មតា។
ករណីពាក់ព័ន្ធវីរុសបំប្លែងថ្មី ដែលមានប្រភពចេញពីប្រទេស ឥណ្ឌានេះ ក្រសួងសុខាភិបាល ពុំទាន់មានការបញ្ជាក់ពីភាពធ្ងន់ធ្ងរកម្រិតណានោះទេ បើសិនជាវីរុសបំប្លែងថ្មីនេះ ឆ្លងចូលទៅក្នុងសហគមន៍។
មកទល់ពេលនេះ ក៏ពុំទាន់មានការរកឃើញ វីរុសបំប្លែងថ្មីនេះ ឆ្លងចូលសហគមន៍នោះទេ។ តាមរយៈលោកជំទាវ អ្នកនាំពាក្យរូបដដែលបានបន្ថែមថា ជាការទប់ស្កាត់ចំពោះការរីករាលដាលនៃវីរុសបំប្លែងថ្មីនេះ គឺត្រូវការការចូលរួមទាំងអស់គ្នា ហើយថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំជាថ្មី នូវគណកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយមានអនុគណៈកម្មការ និងគណៈកម្មការមួយចំនួន ដើម្បីពង្រឹងចាត់ចែងវិធានការដើម្បីទប់ស្កាត់ការរីករាលដាល។ លោកជំទាវ ក៏បានសង្កត់ត្រង់ចំណុច គ្រប់គ្រងច្រកចេញចូលឱ្យបានម៉ត់ចត់បំផុត និងតម្រូវឱ្យមានការការពារ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ព្រោះមកទល់ពេលនេះ ការរកឃើញវីរុសបំប្លែងថ្មី គឺសុទ្ធតែជាករណីនាំចូល។
បើក្រឡេកទៅមើលប្រទេសជិតខាងកម្ពុជាវិញ ជុំវិញបញ្ហាជំងឺបំប្លែងថ្មី Delta B.1.617-2 ក៏ជាក្ដីព្រួយបារម្ភសម្រាប់ប្រទេសថៃ ផងដែរ នេះបើយោងតាម សារព័ត៌មាន BANKOK POST ដែលបានចុះផ្សាយកាលពី ថ្ងៃទី ១៧ខែ មិថុនា ឆ្នាំ២០២១កន្លងទៅ។
ក្នុងអត្ថបទសារព័ត៌មាននោះ បានដកស្រង់សម្ដីរបស់ លោក Supakit Sirirak ជាអគ្គនាយកនៃ នាយកដ្ឋាវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានបញ្ជាក់ឱ្យប្រជាពលរដ្ឋត្រូវបន្តគោរពតាមវិធានការការពារ និងប្រញ៉ាប់រួសរាន់ក្នុងការទទួលចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា វីរុសបំប្លែងថ្មី Delta B.1.617-2 ត្រូវបានអង្គការសុខភាពពិភពលោក នាពេលកន្លងទៅចាត់ទុកថា ជាវីរុសបំប្លែងថ្មីដែលជាក្ដីព្រួយបារម្ភជាសាកល ( Variant of Global Concern) ៕អត្ថបទ៖ គឹមហុក