មកដល់ថ្ងៃ៧ មករា ឆ្នាំ២០២៤នេះគឺជាខួបទី ៤៥ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរដែលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដ៏ឃោឃៅយ៉ុងខ្នង។ បើទោះបីជា៧មករា ១៩៧៩ បានកន្លងផុតជាយូរឆ្នាំក៏ដោយប្រជាពលរដ្ឋខ្មែរនៅតែចងចាំនូវអតីតកាលដ៏ជូរចត់គ្រប់រូបភាព សូម្បីតែអ្នកជំនាន់ក្រោយក៏បានទទួលស្គាល់ពីសោកនាដកម្មនេះដែរ។
លោកស្រី ផង់ ប៊ុនធីម អគ្គលេខាធិការិនីសហព័ន្ធសហជីពកម្មករប្រជាធិបតេយ្យជឿនលឿន ក្នុងបទសម្ភាសន៍ជាមួយ ប៊ីធីវី នៅព្រឹកថ្ងៃទី៥ ខែមករានេះ បានលើកឡើងថា ជាការរំលឹកខួបថ្ងៃរំដោះ ៧មករានេះ ខាងសហព័ន្ធលោកស្រីតែងតែចូលរួមផ្សព្វផ្សាយទៅដល់កម្មករ កម្មការិនីនៅតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានដឹងពីគុណបំណាច់ថ្ងៃ៧មករាជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសុខសន្តិភាព និងបានអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទើបធ្វើឲ្យបងប្អូនកម្មករមានការងារធ្វើ និងអាចរកប្រាក់ចំណូលទៀតទាត់ដូចសព្វថ្ងៃនេះ។
អ្នកស្រី ចាន់ សំណាង វ័យ ៥៤ឆ្នាំ ជាកម្មការិនីរោងចក្រកាត់សម្លៀកបំពាក់ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជាង៤០ឆ្នាំកន្លងមកនេះ នៅតែចងចាំមិនភ្លេចនូវរឿងរ៉ាវដ៏អាក្រក់ៗ ជាពិសេសការរស់នៅដែលព្រាត់ប្រាស់ពីក្រុមគ្រួសារ និងសាច់ញាតិមកដល់សព្វថ្ងៃនេះ។ អ្នកស្រី និយាយទៀតថា ថ្ងៃ៧មករា ជាថ្ងៃរស់រានមានជីវិតថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពផងដែរ។
ស្រដៀងគ្នានេះកម្មការិនី សេង ប៊ុនណេ បានបង្ហាញការយល់ឃើញថា ទោះបីជាកើតមិនទាន់ថ្ងៃ៧មករា ១៩៧៩ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលអ្នកស្រីបានដឹង គឺតាមរយៈជីដូនជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ ដែលចាត់ទុកថា ថ្ងៃរំដោះ ៧មករា ជាថ្ងៃចងចាំមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និងប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។
សហជីព និងកម្មការនីទាំងនេះ បានសម្តែងការអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងនយោបាយនានា សំដៅរក្សាឲ្យបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។
សូមរម្លឹកថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំជំរុញសកម្មភាពនានា ទទួលបានសម្រេចនូវសមិទ្ធផលធំៗគួរឱ្យគត់សម្គាល់។ ដូច្នេះហើយបានជាប្រជាជនកម្ពុជាបានចងចាំជានិច្ចថាថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន «បើគ្មានថ្ងៃនេះទេគឺគ្មានអ្វីៗសព្វបែបយ៉ាងដូចថ្ងៃនេះដែរ»៕ អត្ថបទ៖ ឈិត បូរ៉ាវី


