កំពង់ឆ្នាំង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះបានមានប្រសាសន៍ក្នុងពិធីប្រកាសឯកឧត្តម វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងថា «សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សកំពង់ឆ្នាំងគ្រប់ជាន់ថ្នាក់ បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា»។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍បន្តថា ការលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវអនុវត្តគោលនយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានជោគជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការរៀបចំផែនការការងារច្បាស់លាស់ នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខៗបន្តទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន។

ក្រោយការប្រកាសជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពអ់ឆ្នាំង ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានប្តេជ្ញាចិត្តគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត និងការពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក៏ដូចជាការជួបជាមួយក្រុមការងារយុវជនបក្ស ក្រុមចលនាស្ត្រី ជនបង្គោលឃុំ-សង្កាត់ ប្រធានកម្មករកម្មការនី និយោជិត ប្រធានយុវជនក្រុង-ស្រុក ដើម្បីភាពជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕ កាំង ហុងវាស្នា








