សមាជិកគ្រួសារ និងមិត្តភក្តិរបស់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងការបំផ្ទុះគ្រាប់បែកផ្ទួនគ្នាចំនួនពីរកាលពីថ្ងៃពុធ នៅជិតទីបញ្ចុះសពអតីតមេបញ្ជាការយោធាកាសេមសូឡេម៉ានី(Qassem Soleimani )ក្នុងទីក្រុង ឃើម៉ាន់(Kerman) ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ កំពុងកាន់ទុក្ខចំពោះការបាត់បង់របស់ពួកគេ។

លោក Soleimani ដែលជាមេបញ្ជាការយោធាដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងប្រទេសអ៊ីរ៉ង់ បានស្លាប់ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ នៅជិតអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងបាកដាដ( Baghdad)ប្រទេសអ៊ីរ៉ាក់ ក្នុងការវាយប្រហារដោយយានដ្រូន ដែលបញ្ជាដោយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

សាកសពរបស់លោក Soleimani ត្រូវបានបញ្ចុះនៅក្នុងទីក្រុងកំណើត ឃើម៉ាន់ របស់លោក បន្ទាប់ពីពិធីបុណ្យសពដែលមានមនុស្សរាប់លាននាក់ចូលរួមទូទាំងប្រទេសអ៊ីរ៉ង់។
កាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះ ការផ្ទុះមួយបានកើតឡើងនៅជិតទីបញ្ចុះសពរបស់លោក Soleimani ជាកន្លែងដែលមនុស្សមួយចំនួនធំកំពុងប្រារព្ធខួបនៃការស្លាប់របស់លោក។ ដប់នាទីក្រោយមក ការផ្ទុះលើកទីពីរក៏បានកើតឡើង។
តាមរបាយការណ៍ក្នុងតំបន់ ការបំផ្ទុះគ្រាប់បែកនេះបានសម្លាប់មនុស្ស ៨៤ នាក់ និងរបួស ២៨៤ នាក់។
រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសយកថ្ងៃព្រហស្បតិ៍ ទី ៤មករា សប្ដាហ៍ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស។
ក្រុមអ្នកកាន់ទុក្ខបានប្រមូលផ្តុំគ្នាជុំវិញទីតាំងកើតហេតុកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មនេះ៕