ក្រុមមន្ត្រីសុវត្ថិភាពអាកាសចរណ៍អាមេរិក នឹងផ្តល់ជំនួយដល់ប្រទេសជប៉ុន ក្នុងការអាន និងវិភាគម៉ាស៊ីនថតទិន្នន័យយន្តហោះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងយន្តហោះខ្នាតធំរបស់ក្រុមហ៊ុន ជើផេន អ៊ែរឡាញស៍ ( Japan Airlines) និងយន្តហោះខ្នាតតូចរបស់កងឆ្មាំល្បាតឆ្នេរនៅសប្តាហ៍នេះ។

ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) លោកស្រី ជែននីហ្វឺ ហូមែនឌី (Jennifer Homendy) បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុនបានស្នើសុំជំនួយលើឧបករណ៍ថតទិន្នន័យដែលផលិតដោយក្រុមហ៊ុន ហាន់នីវែល (Honeywell)។

លោកស្រីបានបន្ថែមថា «យើងនឹងជួយលើរឿងនេះ» ប៉ុន្តែគេមិនច្បាស់ទេថាតើម៉ាស៊ីនថតទិន្នន័យនោះនឹងត្រូវនាំយកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការវិភាគ ឬក៏បុគ្គលិកក្រុមប្រឹក្សាសុវត្ថិភាព NTSB នឹងធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីជួយដោយផ្ទាល់។
នៅក្រោមច្បាប់អន្តរជាតិសម្រាប់ការស៊ើបអង្កេតលើយន្តហោះ ដែលត្រូវបានគេស្គាល់ទូទាំងឧស្សាហកម្មអាកាសចរណ៍ដោយឈ្មោះស្របច្បាប់ថា «ឧបសម្ព័ន្ធទី ១៣» ការស៊ើបអង្កេតនេះត្រូវបានដឹកនាំដោយប្រទេសដែលឧបទ្ទវហេតុបានកើតឡើង ប៉ុន្តែប្រទេសដែលយន្តហោះត្រូវបានផលិតក៏អាចចូលរួមបានផងដែរ។

ក្រុមអ្នកជំនាញផ្នែកនីតិកោសល្យវិទ្យាមកពីក្រុមហ៊ុន អ៊ែរប៊ឺស (Airbus) និងទីភ្នាក់ងាររដ្ឋបារាំង ប៊ីអេអ៊ី (BAE) រួមជាមួយតំណាងម្នាក់មកពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដា (TSB) កំពុងស៊ើបអង្កេតឧបទ្ទវហេតុដែលបានសម្លាប់សមាជិកនាវិកយន្តហោះឆ្មាំល្បាតឆ្នេរចំនួន ៥នាក់ ក្នុងចំណោមមនុស្សទាំង ៦នាក់នៅលើនោះ៕