ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ដែលអនុញ្ញាតឱ្យជនបរទេសដែលប្រយុទ្ធដើម្បីរុស្ស៊ី នៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៊ីសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។

ក្រឹត្យនេះបាននិយាយថា មនុស្សដែលបានចុះហត្ថលេខាលើកិច្ចសន្យាក្នុងអំឡុងពេលដែលទីក្រុងមូស្គូ ធ្វើ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន អាចដាក់ពាក្យស្នើសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៊ីសម្រាប់ខ្លួនឯង ប្តី ប្រពន្ធ កូន និងឪពុកម្តាយរបស់ពួកគេ។ អ្នកទាំងនោះត្រូវតែផ្តល់ឯកសារដែលបង្ហាញថាពួកគេបានចុះឈ្មោះយ៉ាងហោចណាស់មួយឆ្នាំ។

អ្នកដែលមានសិទ្ធិស្នើសុំសញ្ជាតិ រួមមានអ្នកដែលបានចុះកិច្ចសន្យាជាមួយកងកម្លាំងប្រដាប់អាវុធធម្មតា ឬ «ទម្រង់យោធា» ផ្សេងទៀត ដោយនោះជាការពិពណ៌នាដែលអាចអនុវត្តចំពោះក្រុមផ្សេងៗដូចជាអង្គការទាហានស៊ីឈ្នួល វេកនើ (Wagner) ជាដើម។ វិធានការនេះទំនងជាមានគោលបំណងបង្កើតការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ជនបរទេសដែលមានបទពិសោធយោធាដើម្បីដាក់ពាក្យចូលរួមក្នុងជួរទាហានរុស្ស៊ី។

ទីក្រុងមូស្គូ មិនបានផ្សព្វផ្សាយទិន្នន័យអំពីចំនួនជនបរទេសដែលកំពុងប្រយុទ្ធឲ្យខ្លួននៅក្នុងប្រទេសអ៊ុយក្រែនទេ។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីមុនអំពីជនជាតិគុយបាដែលបានចុះឈ្មោះចូលបម្រើយោធាជាថ្នូរនឹងប្រាក់រង្វាន់ដែលច្រើនជាង ១០០ដងនៃប្រាក់បៀវត្សរ៍មធ្យមប្រចាំខែនៅគុយបា ហើយមានជនជាតិអាហ្រ្វិកចំនួនបីនាក់ ដែលត្រូវបានជ្រើសរើសដោយក្រុមទាហានស៊ីឈ្នួល វេកនើ៕