គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី បានគូសបញ្ជាក់ពីការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសនេះ ដោយបង្ហាញការសង្ស័យ និងកង្វល់ជាថ្មីជុំវិញការជំរុញឱ្យនាំយកសមត្ថភាពនុយក្លេអ៊ែររបស់ជប៉ុនឲ្យដំណើរការឡើងវិញ។

រោងចក្រថាមពលនុយក្លេអ៊ែរជាច្រើន ស្ថិតនៅលើឆ្នេរសមុទ្រនៃតំបន់ភ្នំរបស់ជប៉ុន ដែលងាយនឹងកើតមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដោយសារតែទីតាំងរបស់តំបន់នេះស្ថិតនៅលើតំបន់រលករញ្ជួយសកម្ម «កងភ្លើង» នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។

ការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រកាលពីថ្ងៃច័ន្ទ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់នៅក្នុងតំបន់ ហូគុរីគូ (Hokuriku) បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងកាត់ផ្ដាច់ថាមពលដល់លំនៅឋានជាច្រើន ដោយបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនិយតករបានលុបចោលការហាមឃាត់ប្រតិបត្តិការលើរោងចក្រថាមពលនុយក្លេអ៊ែរ កាស៊ីវ៉ាហ្សាគី-ការីវ៉ា (Kashiwazaki-Kariwa) របស់ប្រតិបត្តិករអគ្គិសនីតូក្យូ។

ប្រទេសជប៉ុនបានមានគម្រោងបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បន្ទាប់ពីរលកយក្សស៊ូណាមិ និងរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា (Fukushima) បានខូចខាតកាលពីខែមីនា ឆ្នាំ២០១១ ប៉ុន្តែកំណើនតម្លៃថាមពល និងការកាត់ផ្ដាច់ថាមពលម្តងហើយម្តងទៀតបានជំរុញឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញនូវសមត្ថភាពថាមពលនុយក្លេអ៊ែរ និងការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ក្រោយ៕