ជនអន្តោប្រវេសន៍ដែលបានជាប់គាំងដំណើរនៅប្រទេសម៉ិកស៊ិកភាគខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមមន្រ្តីបានបំបែកក្បួនធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក ដែលពួកគេកំពុងធ្វើដំណើរ មួយថ្ងៃបន្ទាប់ពីការដោះលែងជនអន្តោប្រវេសន៍៣២នាក់ ដែលត្រូវបានចាប់ពង្រត់ បានបង្ហាញឲ្យឃើញពីគ្រោះថ្នាក់ដែលអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍ ត្រូវប្រឈមមុខក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។

ក្បួនដំណើរដែលមានមនុស្ស ៤.០០០នាក់ ធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានដល់ទីបញ្ចប់ បន្ទាប់ពីមេដឹកនាំជាច្រើន បាននិយាយថា អាជ្ញាធរអន្តោប្រវេសន៍ បានសន្យាថានឹងផ្តល់ការអនុញ្ញាតធ្វើដំណើរ ប្រសិនបើក្បួនដំណើរត្រូវបានបំបែកដើម្បីឲ្យដំណើរការនៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ជាច្រើនកន្លែង។

ទោះបីជាយ៉ាងណា អ្នកដឹកនាំក្រុមក្នុងក្បួនដំណើរ លោក Luis Garcia បាននិយាយថា ជនអន្តោប្រវេសន៍មួយចំនួនត្រូវបានបោះបង់ចោលនៅតាមផ្លូវ ដោយអាជ្ញាធរ និងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងជម្រក។
យោងតាមមន្ត្រីម៉ិកស៊ិក បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ជនអន្តោប្រវេសន៍ចំនួន ៣២នាក់ ត្រូវបានចាប់ពង្រត់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដែលបានចាកចេញពីទីក្រុងឧស្សាហកម្មភាគខាងជើងនៃទីក្រុង Monterrey ឆ្ពោះទៅ ទីក្រុង Matamoros ឆ្លងកាត់ទីក្រុង Brownsville រដ្ឋ Texas ។