
កោះកុង៖ កម្មករ និងនិយោជិតតាមបណ្តារោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ទទួលបានការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ នៅថ្ងៃទី២២ មិថុនា តាមរយៈក្រុមការងារក្រសួងសុខាភិបាល។
ក្រុមកម្មករ និយោជិតប្រមាណ១ម៉ឺន៥ពាន់ទទួលបានថ្នាំវ៉ាក់សាំងហើយនៅថ្ងៃទី២២ ខែមិថុនា បន្ទាប់ពីមានការរកឃើញវិជ្ជមានកូវីដ-១៩ថ្មីទៅលើកម្មករ និងពលរដ្ឋពាក់ព័ន្ធជាង៧០០នាក់ក្នុងរយៈពេល៥ថ្ងៃមកនេះ។
លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង គូសបញ្ជាក់នៅថ្ងៃទី១៨ ខែមិថុនាថា ក្នុងចំណោមរោងចក្រចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង គឺរោងចក្រដែលផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់ក្រុមកម្មករ-និយោជិតមុនគេនោះ គឺរោងចក្រយ៉ាសាគិ ពីព្រោះរោងចក្រមួយនេះត្រូវបានរកឃើញអ្នកឆ្លងកូវីដច្រើនជាងគេ។ បន្ទាប់មកគឺរោងចក្រកាត់ដេរ KKN1, KKN2 និង KKN3។
ចំពោះដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅពេលនេះ ត្រូវបានលោក ទូ សាវុធ អះអាងថា មិនធ្វើព្រមៗគ្នានោះទេ ពោលគឺនៅតាមបណ្តាក្រុងស្រុកនឹងអនុវត្តទៅតាមកាលបរិច្ឆេទថ្ងៃកំណត់របស់អាជ្ញាធរ។
ជាក់ស្តែងសម្រាប់ពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ អាយុចាប់ពី១៨ឆ្នាំឡើងទៅ ទទួលបានការចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌលស៊ូណឹង និងសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី២០ មិថុនា។
របាយការណ៍របស់រដ្ឋបាលខេត្តបានឱ្យដឹងថា ចាប់តាំងមានយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខេត្តកោះកុងមានមន្ត្រីរាជការ កម្លាំងនគរបាល អាវុធហត្ថ យោធា បុគ្គលិកវិស័យឯកជនសរុបចំនួន១១,៧៩៩ នាក់/ស្រី៤,២៦២នាក់បានចាក់វ៉ាក់សាំងរួចរាល់។
បច្ចុប្បន្នទាំងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា មានអ្នកឆ្លងកូវីដថ្មីជាង៧០០នាក់ បើគិតចាប់ពីថ្ងៃទី១១ ខែមិថុនា មកដល់ត្រឹមថ្ងៃទី១៧ មិថុនា សម្រាប់អគារព្យាបាលអ្នកជំងឺវិញ មានវិទ្យាល័យចាំយាម២អគារ និងវិទ្យាល័យប៉ាក់ខ្លង២អគារ ដោយមិនរាប់បញ្ចូននៅស្រុកស្រែអំបិលនោះទេ៕ អត្តបទ៖ឈឹម មករា





