ប្រភពយោធាមួយ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាបានសាងសង់ឡើងវិញនូវប៉ុស្តិ៍យាមដែលត្រូវបានបំផ្លាញមួយចំនួនរបស់ខ្លួន នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលបែងចែកប្រទេសកូរ៉េទាំងពីរ ជាមួយនឹងសំណង់បេតុង។

កាលពីខែវិច្ឆិកា ឆ្នាំមុន កូរ៉េខាងជើង បានចាប់ផ្តើមសាងសង់ប៉ុស្តិ៍យាមឡើងវិញជាមួយនឹងសម្ភារៈធ្វើពីឈើ បន្ទាប់ពីបានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ ដែលត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយភាពតានតឹង នៅតាមព្រំដែន នេះបើយោងតាមមន្ត្រីការពារជាតិរបស់ទីក្រុងសេអ៊ូល។
ប្រភពយោធា បានឲ្យដឹងទៀតថា៖«យើងបានរកឃើញថា កូរ៉េខាងជើង បានសាងសង់ប៉ុស្តិ៍យាមបេតុងនៅប៉ុស្តិ៍យាមដែលត្រូវបានបំផ្លាញ» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដែលបានចុះហត្ថលេខា ក្រោមប្រធានាធិបតីសេរីមុន លោក មូន ជេអ៊ីន (Moon Jae-in) កូរ៉េទាំងពីរ បានរុះរើប៉ុស្តិ៍យាមចំនួន១០នៅខាងក្នុងតំបន់គ្មានយោធា (DMZ)នីមួយៗ ហើយបានដកហូតអាវុធរៀងៗខ្លួន ដោយទុកឲ្យកូរ៉េខាងជើងមានប៉ុស្តិ៍យាមប្រហែល ១៥០ កន្លែង ហើយកូរ៉េខាងត្បូង មាន ៦៧ប៉ុស្តិ៍។
ទោះជាយ៉ាងនេះក្តី កូរ៉េខាងជើង បានប្តេជ្ញាស្តារឡើងវិញនូវវិធានការយោធាទាំងអស់ ដែលត្រូវបានបញ្ឈប់ ក្រោមកិច្ចព្រមព្រៀងនេះ បន្ទាប់ពីទីក្រុងសេអ៊ូល បានផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងនេះ ក្នុងការតវ៉ាចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងដោយជោគជ័យរបស់កូរ៉េខាងជើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា។