ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្តល់សេវាអប់រំយុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ណ្ន និងសមធម៌សង្គម រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចធ្វើការផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការផ្តល់សេវាអប់រំ ពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេសវិញ។

ស្របតាមអនុក្រឹត្យ និងការសម្រេចរបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជននិងកីឡាខេត្តពោធិ៍សាត់ មានរៀបចំពិធី ផ្ទេរមុខងារគ្រប់គ្រងក្នុវិស័យអប់រំ យុវជន និងកីឡា ទៅអោយរដ្ឋបាលក្រុង-ស្រុក សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ងួន ប៉ោសេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុកទាំង៧ក្នុងខេត្តពោធិ៍សាត់ផងដែរ ។

សម្រាប់មុខងារចំនួន៣ ក្នុងវិស័យអប់រំ ត្រូវធ្វើការផ្ទេរទៅអោយរដ្ឋបាលក្រុង-ស្រុករួមមាន៖ ១.មុខងារគ្រប់គ្រងការអប់រំកុមារតូច, ២.មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និង ៣.មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។
ក្នុងនោះ ក៏មានការធ្វើប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាលក្នុងវិស័យអប់រំ យុវជន និងកីឡា ចំនួន៣ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ផងដែរ រួមមាន ៖ ១.មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, ២.មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន និង ៣.មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយ និងកីឡា។

នាឱកាសនោះ ឯកឧត្តម ងួន ប៉ោសេង បានលើកឡើងថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក តាមរយៈអនុក្រឹត្យនេះ គឺជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាង ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាអប់រំ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របជាមួយនឹងគោលបំណង នៃកំណែទម្រង់ក្នុងវិស័យអប់រំ ដែលបាន និងកំពុងអនុវត្តដោយ ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ តែទោះបីយ៉ាងណា ក្រសួង អប់រំ យុវជន និង កីឡា នៅតែមានតួនាទី សំខាន់នៅ ក្នុងការ រៀបចំ គោលនយោបាយជាតិ ផែនការ យុទ្ធសាស្ត្រ ជាតិ ការសិក្សាស្រាវជ្រាវកម្មវិធីសិក្សាជាតិ និយាម និងស្តង់ដាអប្បបរមា ការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូ កាគាំទ្របច្ចេកទេស ការតាមដានត្រួតពិនិត្យ និងវាយតម្លៃដដែល៕ អត្ថបទ៖ ភិរុណ ពៅ










