ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសស៊ុយអ៊ែត បានឯកភាពគ្នាបន្តអនុវត្តកិច្ចសហប្រតិបត្តិការសិទ្ធិការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើយ៉ាងណាសម្រេចបានតាមគោលដៅ ដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល។
ការបន្តកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា នៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២១នេះ ដើម្បីជួបសម្តែងការគួរសម និងជម្រាបលានាឱកាសដែលឯកឧត្តមឯកអគ្គរាជទូត ត្រូវផុតអាណត្តិការទូតនាខែកក្កដាខាងមុខ។
ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័តមាន ប៊ីធីវីថា លទ្ធផលនៃជំនួបនាថ្ងៃនេះភាគីទាំងពីរបានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលភាគីទាំងពីរក៏មានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនដែលកំពុងបន្ត និងសមិទ្ធផលជាច្រើនដែលភាគីទាំងពីរខិតខំសម្រេចបាន។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗដែលប្រទេសទាំងពីរ បាននិងបន្តអនុវត្តសំដៅសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិនិងពិភពលោក ដូចជា៖គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល, សិទ្ធិការងារ និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តម ងុយ រិទ្ធ បានលើកឡើងថា ក្នុងជំនួបនោះភាគីស៊ុយអែត បានអរគុណដល់កម្ពុជាដែលបានផ្តល់ការគាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលដំបូងគេបង្អស់នៅក្នុងពិធីដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមនេះ កាលពីឆ្នាំ២០១៦ នៅក្នុងឱកាសសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក។ ឯកឧត្តមឯកអគ្គរាជទូតបន្ថែមទៀតថា នឹងនាំយកនូវព័ត៌មានល្អៗនិងសមិទ្ធផលដែលភាគីទាំងពីរខិតខំសម្រេចបានជម្រាបជូនទៅរាជរដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីទទួលបាននូវការគាំទ្របន្តដល់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាបាននិងកំពុងបន្តអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ ដូចជា៖ បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ជម្រុញការអនុវត្តគោលនយោបាយគាំពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចជាតំបន់ និជាមួយប្រទេសពាក់ព័ន្ធ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានាសំដៅគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និងគាំពារវិស័យការងារ។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី