ត្រីធូណាខៀវដ៏ធំមួយក្បាលដែលមានតម្លៃថ្លៃខ្លាំង បានលក់នៅទីផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃដំបូងនៃការធ្វើអាជីវកម្មក្នុងឆ្នាំ២០២៤ ក្នុងតម្លៃ ១១៤,២លានយ៉េន ដែលស្មើនឹង ៧៨៨.៤៤០ដុល្លារ ក្នុងការដេញថ្លៃមួយសម្រាប់ត្រីដែលចាត់ទុកថាជាត្រីល្អបំផុត និងបានក្លាយជាប្រពៃណីចូលឆ្នាំថ្មីរបស់ជប៉ុន។

ត្រីធូណានេះមានទម្ងន់ ២៣៨គីឡូក្រាម ហើយត្រូវបានលក់នៅថ្ងៃសុក្រ (០៥ មករា) នេះទៅឱ្យក្រុមហ៊ុនលក់គ្រឿងសមុទ្រ យ៉ាម៉ាយុគី (Yamayuki) និងប្រតិបត្តិករខ្សែសង្វាក់ត្រីស៊ូស៊ី អូណូដេរ៉ា គ្រុប (Onodera Group) ដែលជាអ្នកដេញថ្លៃបានត្រីប្រភេទនេះអស់រយៈពេល ៤ឆ្នាំជាប់ៗគ្នា។

យោងតាមលោក ហីរ៉ូគី ម៉ាតសុស៊ីតា (Hiroki Matsushita) ដែលជាមន្ត្រីនៅផ្សារត្រីនោះបាននិយាយថា ត្រីធូណាយក្សនេះទទួលបានតម្លៃលើសពី ៣ដងនៃចំនួនដែលបានផ្តល់ជូនកាលពីឆ្នាំមុន ក្នុងការលក់នៅទីផ្សារត្រី តូយ៉ូសុ (Toyosu) របស់ទីក្រុងតូក្យូ និងមានតម្លៃខ្ពស់បំផុតលំដាប់ទីបួន ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ មក៕
