កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ សាកសពរបស់ជនអន្តោប្រវេសន៍ ៥នាក់ ត្រូវបាននាំមកដល់កំពង់ផែ Los Cristianos កោះ Tenerife ស្ថិតក្នុងប្រជុំកោះ Canary របស់អេស្ប៉ាញ ក្រោយឆ្មាំល្បាតឆ្នេរ បានប្រទះឃើញពួកគេនៅក្នុងទូកឈើដ៏ធំមួយនៅក្នុងសមុទ្រអាត្លង់ទិក កាលពីថ្ងៃអាទិត្យ ។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រុមឆ្មាំល្បាតឆ្នេរ និយាយថា បុរស ១៥នាក់ មកពីប្រទេសម៉ាលី ត្រូវបានប្រទះឃើញនៅរស់នៅលើទូកក្នុងសមុទ្រអាត្លង់ទិក ហើយយោងតាមការបញ្ជាក់ពីអ្នករស់រាន បានឲ្យដឹងថា មនុស្សចន្លោះពី ៣០ និង ៤០នាក់ផ្សេងទៀត បានស្លាប់ ពេលដែលទូករបស់ពួកគេក្រឡាប់ ក្រោយចាកចេញពីប្រទេសម៉ូរីតានី ។

គួរឲ្យដឹងថា អន្តោប្រវេសន៍សរុបចំនួន ៥៦.៨៥២នាក់ បានធ្វើដំណើរមកដល់ប្រទេសអេស្ប៉ាញដោយខុសច្បាប់ តាមជើងគោក ឬជើងទឹកក្នុងឆ្នាំ ២០២៣ ពោលគឺកើនឡើង ៨២ភាគរយបើធៀបនឹងឆ្នាំមុន ហើយនិងជាចំនួនជនអន្តោប្រវេសន៍ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៨ ពេលដែលការមកដល់របស់ជនអន្តោប្រវេសន៍ចំនួន ៦៤.២៩៨នាក់ ត្រូវបានចុះបញ្ជី ។
កាលពីឆ្នាំមុន រដ្ឋាភិបាលអេស្ប៉ាញ បានបង្កើនការទាក់ទងរបស់ពួកគេជាមួយក្រុមអាជ្ញាធរនៅតាមប្រទេសជាច្រើន ដូចជាប្រទេសសេណេហ្គាល់ និងប្រទេសម៉ូរីតានី ដើម្បីបង្វែរទិសដៅធ្វើដំណើររបស់ជនអន្តោប្រវេសន៍ ។
ប្រទេសអេស្ប៉ាញ បានបង្កើតកន្លែងស្នាក់នៅបន្ទាន់បន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍ផងដែរ នៅតាមបន្ទាយទាហានរបស់ខ្លួន តាមសណ្ឋាគារ និងផ្ទះសំណាក់ទូទាំងប្រទេស ៕