នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកទឹកចិត្តនាយទាហានជំនាញគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់ប្រតិបត្តិនូវតួនាទី ភារកិច្ចឱ្យកាន់តែល្អប្រសើរ បង្កើតនូវសមិទ្ធផល ស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹងពង្រីកសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិជាដើម។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារភស្តុភារ ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់អគ្គនាយកដា្ឋន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រធានស្ថាប័ន មេបញ្ជាការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវរហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនលើការងារភស្តុភារ ហិរញ្ញវត្ថុ នៅក្នុងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ក៏បានលើកឡើងផងដែរថា សមិទ្ធផលដែលគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទសម្រេចបាននៅឆ្នាំ២០២៣កន្លងទៅ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងការចាប់ផ្តើមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់វិស័យការពារជាតិកាន់តែរីកចម្រើនថែមទៀត។

នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ នាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់បន្តទៀតថា រាជរដ្ឋាភិបាលបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្ពោះទៅរកកម្រិតស្តង់ដារអន្តរ-ជាតិ តាមរយៈការកែទម្រង់ ការគ្រប់គ្រងចំណូលថវិកាជាតិ និងបង្កើនប្រសិទ្ធភាពចំណាយការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំក្របខណ្ឌថវិកាជាក់លាក់ទៅនឹងការពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការអនុវត្តថវិកាកម្មវិធី និងការឈានទៅពង្រឹងការអនុវត្តថវិកាផ្អែកលើសមិទ្ធកម្ម។

ទន្ទឹមនឹងនេះដែរឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា រាជរដ្ឋាភិបាលបន្តចាត់វិធានការបង្កើនប្រសិទ្ធភាពចំណាយតាមរយៈការកែលម្អវិភាជថវិកាឱ្យចំទិសដៅ ទៅតាមអាទិភាពរួមគោលនយោបាយការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការចំណាយ និងការពង្រឹងលទ្ធកម្មសារធារណៈ ជាមួយការផ្តោតការវិនិយោគសាធារណៈលើអាទិភាពចំនួន៥ សម្រាប់ការកសាងមាតុភូមិ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលឈរលើគោលការណ៍ «ប្រសិទ្ធភាព ផលិតភាព គុណភាព ភាពធន់ និងចីរភាព»៕ អត្ថបទ៖ បាន ចក់






