
ទីក្រុងទឹកកក Harbin ដែលជារដ្ឋធានីព្រិលដ៏អស្ចារ្យរបស់ខេត្តភាគឦសាន Heilongjian ប្រទេសចិន បានទាក់ទាញភ្ញៀវទេសចរច្រើនបំផុតមកទស្សនាកម្សាន្តសប្បាយរីករាយរូបចម្លាក់ទឹកកកដ៏ធំមហិមា ។
សារព័ត៌មានរដ្ឋរាយការណ៍ថា នៅក្នុងឆ្នាំនេះ សួនកម្បាន្ត Harbin Ice and Snow World បានពង្រីកទំហំលើផ្ទៃដី ៨១ហិចតា និងមានទឹកកកចំណុះ ២៥ម៉ឺនម៉ែត្រគូប ។
លោក Sun Zemim គឺជាអនុប្រធានផ្នែកទីផ្សារនៅសួនកម្សាន្ត Harbin Ice and Snow World និយាយថា ចំនួនភ្ញៀវប្រចាំថ្ងៃជាមធ្យមមកលេងសួនកម្សាន្តឆ្នាំនេះ បានកើនឡើងជិតទ្វេដង បើធៀបនឹងកាលពីឆ្នាំ ២០១៨។
ភ្ញៀវទេសចរដែលសម្រុកធ្វើដំណើរមកកាន់ទីក្រុងនេះ បានកក់សំបុត្រសណ្ឋាគារ និងសំបុត្រចូលទស្សនាអស់គ្មានសល់ ។
លោក Wang Yifei គឺជាភ្ញៀវទេសចរវ័យ ២៣ឆ្នាំមួយរូបមកពីទីក្រុងអ៊ូហាន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការកក់ទុកពិតជាពិបាកណាស់ ។ សម្រាប់ការកក់សណ្ឋាគារ ពួកយើងបានចំណាយពេល ២ទៅ ៣ថ្ងៃ ទើបពួកយើងអាចស្វែងរកសណ្ឋាគារសមរម្យបាន ។ សំបុត្រសម្រាប់ចូលទស្សនាសួនកម្សាន្ត Ice and Snow World បានលក់អស់តាមអនឡាញ ដូច្នេះហើយខ្ញុំបានទិញវាតាមអនឡាញលក់មួយទឹក Xianyu ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua របស់ចិន បានរាយការណ៍កាលពីថ្ងៃពុធថា កាលពីថ្ងៃបុណ្យចូលឆ្នាំសកលកន្លងទៅ ពិធីបុណ្យប្រចាំឆ្នាំ Ice and Snow របស់ទីក្រុង បានទាក់ទាញ់ភ្ញៀវចំនួនជាង ៣លាននាក់ ឲ្យធ្វើដំណើរមកកាន់ទីក្រុង Harbin អំឡុងវិស្សមកាលរយៈពេល ៣ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ដោយរកបានប្រាក់ចំណូលទេសចរណ៍ចំនួន ៨២៦លានដុល្លារ ៕