
ប្រតិបត្តិកររបស់ក្រុមហ៊ុនរថភ្លើងបែលហ្ស៊ិក Infrabel បាននិយាយកាលពីព្រហស្បតិ៍ថា ពួកគេបានផ្អាកសេវាកម្មចាប់ពីទីក្រុងព្រុចសែល ដល់ទីក្រុង Luxembourg ដោយសារតែទឹកជំនន់ គំរាមកំហែងដល់ស្ពានផ្លូវរថភ្លើង ពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ បន្តជន់លិចសម្រាប់ថ្ងៃទី ៣ ។
ក្រុមហ៊ុន Infrabel និយាយថា អ្នកដំណើរត្រូវជិះរថយន្តក្រុងជំនួសវិញចាប់ពីភូមិ Marbehan ដល់ភូមិ Libramont រហូតដល់ចុងសប្តាហ៍ ស្របពេលដែលពួកគេពិនិត្យមើលស្ពានផ្លូវរថភ្លើង ។
គួរឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ នាំឲ្យមានការជន់លិចនៅក្នុងប្រទេសបែលហ្ស៊ិក ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍ បើទោះបីជាទឹកចាប់ផ្តើមស្រកនៅខេត្តភាគខាងត្បូង Wallonia ក៏ដោយ ។
ការប្រកាសអាសន្ននៅបន្តកើតមានតាមដងទន្លេ Semois ដែលទឹកបានហូរប្រៀបច្រាំងនៅទីក្រុង Bouillon ជិតព្រំដែនប្រទេសបារាំង ហើយអគារនៅតាមមាត់ទន្លេមួយចំនួន បានជន់លិចគ្មានសល់ ៕