
ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និងមិនតិចជាង ២២នាក់ បានរងរបួស នៅពេលដែលរថភ្លើង ២គ្រឿង បានបុកគ្នា នៅលើកោះដ៏សំខាន់ Java (ជ្វា) របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ (ទី៥ ខែមករា) នេះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង ៦:៣នាទីព្រឹក ម៉ោងក្នុងស្រុក នៅជិតវាលស្រែ ក្នុងអនុតំបន់ Cicalengka ក្នុងខេត្ត West Java ដោយបានធ្វើឲ្យទូរថភ្លើងជាច្រើនក្រឡាប់។ អ្នកនាំពាក្យរបស់ប្រតិបត្តិករផ្លូវដែក PT KAI លោក Ayen Hanepi (អាយេន ហាណេពី) បាននិយាយថា៖ «យើងបានកំណត់អត្តសញ្ញាណជនរងគ្រោះម្នាក់ជាបុគ្គលិករបស់រថភ្លើង Turangga។ ចំណែកអ្នកផ្សេងទៀត នៅមិនទាន់កំណត់អត្តសញ្ញាណទេ»។
លោក Hanepi បានបន្តថា ការបុកគ្នានេះ កើតឡើងរវាងរថភ្លើងមូលដ្ឋាន និងរថភ្លើង Turangga ជាខ្សែរថភ្លើងក្នុងទីក្រុង ដែលរត់ពីទីក្រុង Surabaya ក្នុងខេត្ត East Java ទៅទីក្រុង Bandung របស់ខេត្ត West Java។ លោកបានបន្ថែមថា រថភ្លើង Turangga បានដឹកអ្នកដំណើរចំនួន ២៨៧នាក់ ខណៈដែលមនុស្ស ១៩១នាក់ បានជិះនៅលើខ្សែរថភ្លើងនៅមូលដ្ឋាន។
អ្នកនាំពាក្យនគរបាលខេត្ត លោក Ibrahim Tompo បាននិយាយថា អ្នកដំណើរទាំងអស់ ត្រូវបានជម្លៀសចេញ ខណៈដែលអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។
សូមបញ្ជាក់ថា ឧបទ្ទវហេតុគមនាគមន៍ មិនមែនជារឿងប្លែកនោះឡើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំមហិមា ដោយរថយន្តក្រុង រថភ្លើង និងសូម្បីតែយន្តហោះ ជាធម្មតា មានសភាពចាស់ទ្រុឌទ្រោម និងទទួលការថែទាំមិនបានល្អ៕