
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកព័ត៌មាននៃមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Pat Ryder បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មិនមានថវិកានៅសល់ ដើម្បីផ្លាស់ប្តូរអាវុធដែលត្រូវបានបញ្ជូនទៅប្រទេសអ៊ុយក្រែននោះទេ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«យើងអស់ថវិកាហើយ»។
លោក Ryder បានពន្យល់ថា មានទឹកប្រាក់ចំនួន ៤,២ពាន់លានដុល្លារ ដែលត្រូវបានអនុញ្ញាតឲ្យបញ្ជូនជំនួយបែបនេះ ប៉ុន្តែការខ្វះខាតមូលនិធិបំពេញបន្ថែម ទំនងជានឹងនាំឲ្យមានការផ្អាកជំនួយ ដោយសារមន្ទីរបញ្ចកោណ មិនចង់កងកម្លាំងសហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យក្នុងការប្រយុទ្ធ។
មន្ត្រីរដ្ឋបាល បានចេញការព្រមានអំពីលទ្ធផលនេះអស់រយៈពេលជាច្រើនខែ ចំពេលមានការជជែកដេញដោលរបស់សភាអំពីរបៀបផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ និងសំណើរបស់សេតវិមានសម្រាប់ការ ផ្តល់មូលនិធិបន្ថែមទៀតដល់អ៊ុយក្រែន។
សមាជិកព្រឹទ្ធសភាមួយក្រុម កំពុងចរចាលើកិច្ចព្រមព្រៀងសន្តិសុខព្រំដែន ដែលគេមើលឃើញថា ជាគន្លឹះក្នុងការដោះស្រាយច្បាប់ចំណាយប្រាក់ចំនួន ១០០ពាន់លានដុល្លារ ដែលក្នុងនោះ ជាងពាក់កណ្តាលនឹងធ្លាក់ទៅក្នុងជំនួយទាក់ទងនឹងប្រទេសអ៊ុយក្រែន។
មន្ទីរបញ្ចកោណ បានប្រកាសកញ្ចប់ជំនួយអ៊ុយក្រែនចុងក្រោយរបស់ខ្លួនសម្រាប់ពេលនេះ នៅចុងខែធ្នូ ដែលមានតម្លៃ ២៥០លានដុល្លារ ហើយភាគច្រើនរួមមានគ្រាប់កាំភ្លើងធំ និងគ្រាប់រំសេវជាច្រើនប្រភេទទៀត។